វៀតណាម៖ ថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានចាប់អារម្មណ៍ និងចែករំលែកបន្តជាច្រើននាក់នូវសកម្មភាពរបស់បុរសអ្នកមានជនជាតិវៀតណាមម្នាក់ បានពញ្ញាក់អារម្មណ៍ប្រពន្ធរបស់ខ្លួន តាមរយៈកាដូរថយន្តស្ព័តដ៏ទំនើបម៉ាក McLaren Senna ហើយអ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺរថយន្ត McLaren Senna ខាងលើបានបំពាក់ជាមួយស្លាកលេខពិសេសរបស់កម្ពុជា «កម្ពុជា MAILISA» ។ សូមបញ្ជាក់ថា MAILISA គឺជាឈ្មោះរបស់ស្ត្រីស្រស់ស្អាតខាងលើ និងជាឈ្មោះហាងសាឡន របស់នាងផងដែរ ។

ជាមួយគ្នានេះ សារព័ត៌មាននៅក្នុងប្រទេសវៀតណាមបានចុះផ្សាយយ៉ាងដូច្នេះថា បុរសដែលទិញរថយន្តស្ព័តទំនើបជូនជាកាដូដល់ប្រពន្ធនោះមានឈ្មោះ Hoang Kim Khanh ដែលជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុមស្ដម្ភ និងនិយមទិញកំពូលរថយន្តទំនើបៗមកជាកម្មសិទ្ធ ដូច្នេះហើយឈ្មោះរបស់លោកគឺល្បីល្បាញនៅក្នុងវិស័យឧស្សាហកម្មរថយន្តនៅទូទាំងទីក្រុងហាណូយ ក៏ដូចជាប្រទេសវៀតណាម ផងដែរ ។ ជាក់ស្ដែងរថយន្តដែលលោកប្រើប្រាស់សព្វថ្ងៃមានដូចជា រថយន្ត Lamborghini Huracan LP 610-4, Lamborghini Aventador S និងរថយន្ត Aston Martin Vantage V8 ជាដើម ។

ចំពោះរថយន្ត McLaren Senna ដែលលោក Hoang Kim Khanh ទិញជាកាដូជូនប្រពន្ធនេះ ជារថយន្ត limited-edition ដែលមានតែ ៥០០គ្រឿងប៉ុណ្ណោះលើសកលលោក ហើយវាទើបតែបង្ហាញវត្តមានផ្លូវការនៅលើទឹកដីទីក្រុងឌូបៃ កាលពីខែ កុម្ភៈ ដែលកម្មពិធីសម្ពោធនោះ ក៏មានវត្តមានរបស់លោក Hoang Kim Khanh ផងដែរ ។ ​ចំពោះតម្លៃរបស់វាគឺខ្ទង់ ១លានដុល្លារ (មិនគិតបញ្ចូលពន្ធ) តែពេលដែលនាំចូលទៅប្រទេសវៀតណាម គឺត្រូវបង់ពន្ធ ដូច្នេះរថយន្តមួយគ្រឿងនេះកើនតម្លៃរហូតដល់ ៥០ពាន់លានដុង ស្មើនឹងខ្ទង់ ២,១៦៥,៦០០ ដុល្លារ ។

ប្រភពបានបន្តទៀតថា ដោយសារតែវិបត្តិរោគរាតត្បាតកូវីដ១៩ ទើបរថយន្ត McLaren Senna ខាងលើនេះ មិនអាចនាំទៅប្រទេសវៀតណាមរហូតដល់សព្វថ្ងៃ ដោយឡែកនៅប្រទេសកម្ពុជា គឺមានវត្តមានតាំងពីខែមេសា មកម្ល៉េះ ដូច្នេះហើយទើបលោក Hoang Kim Khanh សម្រេចចិត្តទិញរថយន្តនេះពីប្រទេសកម្ពុជា ព្រមទាំងចុះបញ្ជីយានយន្តនៅកម្ពុជាទៀតផង ដើម្បីមានសិទ្ធបំពាក់ស្លាកលេខពិសេសដែលមានឈ្មោះប្រពន្ធរបស់លោក ៕

ប្រភព៖ vietnamnet