ថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរថៃ បានប្រកាសនៅតែបន្តអនុវត្តច្បាប់ ដាក់ប្រទេស គ្រាអាសន្នរហូតដល់ចុងខែកក្កដា ដើម្បីបញ្ចៀសហានិភ័យនៃការផ្ទុះវីរុសកូវីដ-១៩ រលកទី២ ។

លោកស្រីណារូម៉ុន ពីនយ៉ូស៊ីនវ៉ាត អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានអនុម័តការបន្លាយពេលនៃការអនុវត្តក្រឹត្យគ្រាអាសន្ននេះ ដោយសារជំងឺរាតត្បាតជាសកលនេះ នៅតែបន្តកើតមាន។ ជាមួយគ្នានោះដែរ រដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត ព្រោះវាចាំបាច់សម្រាប់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងការធ្វើដំណើរ និងកាត់បន្ថយហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាលើកទី២។

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ នៅប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣ ១៧១ករណី , ស្លាប់៥៨ ករណី និងជាសះស្បើយចំនួន ៣ ០៥៦ករណី៕

ដោយ ៖ សិន សុភាព