នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ករណី​ផ្ទុះ​ឡក​ម្តៅ​មួយ នៅ​ឯ​ស្ថានីយ៍​ថាមពល​កម្តៅ Neyveli នៅ​រដ្ឋ​តា​មិ​ល​ណា​ឌូ ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ដែល​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​១៧​នាក់​ទៀត​បាន​រង​របួស​ជា​បន្ដបន្ទាប់ ។ នេះ​បើ​យោង​តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

ចំនួន​អ្នក​ស្លាប់​បន្តបន្ទាប់​ទៀត​អាច​នឹង​កើនឡើង ខណៈ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជាប់​នៅ​ខាងក្នុង​នោះ ។ ក្រុម​ពន្លត់អគ្គីភ័យ​ផ្ទាល់​របស់​ស្ថានីយ៍​ក៏​បាន​អន្តរាគមន៍​យ៉ាង​ប្រញាប់ប្រញាល់​នៅ​កន្លែង​ផ្ទុះ​ឡក​ម្តៅ​ដើម្បី​ជួយ​សង្គ្រោះ​កម្មករ​ដែល​នៅ​ជាប់​គាំង ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ៖ «​ក្រុម​ជួយ​សង្គ្រោះ​ពី​រដ្ឋបាល​ស្រុក Cuddalore ក៏​បាន​ទៅ​ដល់​កន្លែង​ដើម្បី​វាយតម្លៃ​ស្ថានភាព​។ មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​។ » ។

សារព័ត៌មាន Daily Indian Express បាន​ដកស្រង់​សំដី​សកម្មជន Nityanand Jayaraman បាន​និយាយ​ថា មនុស្ស ៥ នាក់​ដែល​ត្រូវ​បាន​ស្លាប់​គឺជា​កម្មករ​កិច្ចសន្យា ។ លោក​បាន​និយាយ​ថា នេះ​គឺជា​ការ​ផ្ទុះ​លើក​ទី ២ ហើយ​ដែល​បាន​កើតឡើង​នៅ​រោងចក្រ​ចាប់តាំងពី ខែមីនា មក ។

កាលពី​ថ្ងៃ​ទី​៧ ឧសភា កន្លង​មក​ក៏​ករណី​ផ្ទុះ​នៅ​ឯ​រោងចក្រ​របស់​ក្រុមហ៊ុន Neyveli Lignite Corporation នៅ Cuddalore បាន​បណ្តាល​ឱ្យ​កម្មករ​៨​នាក់​រង​របួស​ផង​ដែរ ។ ហើយ​នៅ​ប្រទេស​ឥណ្ឌា​ថាមពលអគ្គីសនី​ប្រមាណ​៧០​ភាគរយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រោងចក្រ​ថាមពល​កំ​ដៅ​ខាងលើ​នេះ ៕