រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន៧ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឫស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល បានរកឃើញថា មានលាយសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពហូប ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ មន្រ្តីជំនាញបានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាកទីតាំងផលិតបណ្តោះអាសន្ន។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ ដោយបានរកឃើញ និងដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន២០.៥ គីឡូក្រាម។

បន្ទាប់ពីការធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភព ម្ចាស់ពពុះសណ្តែកខាងលើ បានផ្តល់ព័ត៌មានលំអិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញ ដើម្បីចាត់មន្រ្តីមានសមត្ថកិច្ចបន្តស្រាវជ្រាវរកទីតាំង និងប្រភពនៃការផលិត៕