បរទេស៖ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រខេត្តហៃណាន ប្រទេសចិន បានប្រកាសផែនការធ្វើសមយុទ្ធយោធានៅលើកោះប៉ារ៉ាសេល របស់វៀតណាម ចាប់ពីថ្ងៃពុធ ទី០១ ខែកក្កដា រហូតដល់ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress ។
អាជ្ញាធរចិន ក៏បានប្រកាសដែរថា គ្មាននាវាណាមួយត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នៅសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត នៅពេលសមយុទ្ធកំពុងចាប់ផ្តើមនោះទេ។
ដែលសកម្មភាពនេះកើតឡើងចំពេលដែលសហគមន៍អន្តរជាតិព្រួយបារម្ភអំពីសកម្មភាពថ្មីៗរបស់ចិននៅសមុទ្រចិនខាងត្បូង។ ប្រទេសចិន បានបង្កើនសកម្មភាពឈ្លានពានរបស់ខ្លួននៅក្នុងដែនទឹកសមុទ្រខាងត្បូង ចាប់តាំងពីដើមឆ្នាំនេះ ខណៈពេលដែលប្រទេសដទៃទៀតបានផ្តោតលើការប្រយុទ្ធប្រឆាំងនៃការផ្ទុះឡើងវីរុសកូវីដ-១៩។
គួរជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នឹងធ្វើជាប្រធានសម័យបើកកិច្ចប្រជុំ សម័យប្រជុំពេញអង្គនិងវគ្គពិភាក្សាពាក់ព័ន្ធនានា បានសម្តែងការព្រួយបារម្ភចំពោះការអភិវឌ្ឍសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ និងបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ដែលមានចំនែកនៅក្នុងរឿងសមុទ្រចិនខាងត្បូង ត្រូវកសាងទំនុកចិត្តឡើងវិញ។
ជាមួយគ្នានេះដែរ ប្រទេសវៀតណាម ក៏បានអំពាវនាវឱ្យមានការបន្តការចរចារវាងអាស៊ាន និងចិនស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលនេះថា ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការពិភាក្សាអំពី COC រវាងអាស៊ាននិងចិនដែលបាននិងកំពុងបន្តចាប់តាំងពីឆ្នាំ ២០០២ សម្រាប់ការបង្កើតច្បាប់ដែលមានកាតព្វកិច្ចស្របច្បាប់។
គួរបញ្ជាក់ថា ប្រទេសចិន បានដណ្តើមកាន់កាប់កោះប៉ារ៉ាសែល ពីប្រទេសវៀតណាមខាងត្បូង ដោយកម្លាំងយោធានៅឆ្នាំ១៩៧៤ ហើយបានកាន់កាប់វាដោយខុសច្បាប់ចាប់តាំងពីពេលនោះមក ៕