ខេត្តកំពង់ឆ្នាំង ៖ បើ​យោង​តាម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance Cambodia បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ​ថា កាលពី​ថ្មី​ៗ​នេះ ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ (WRRT) របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ធ្វើការ​ដកហូត​សត្វ​បក្សី​ជិត​៤០០​ក្បាល ដែល​បាន​កំពុង​ដាក់​លក់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​បន្ត​ថា បក្សី​ងាប់​ចំនួន​៣៦៥​ក្បាល ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ រួម​ទាំង​សត្វ​ព្រាប​ងាប់ ចំនួន​០៩​ក្បាល ។ ក្នុង​នោះ សត្វ​ព្រាប​ចំនួន​២២​ក្បាល ដែល​នៅ​រស់ ត្រូវ​ដោះ​លែងអោយ​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ដោយ​ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ (WRRT) ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ការ​ចាប់​អ្នកលក់​សត្វ​ខុសច្បាប់ គឺ​មាន​ភាព​ពិបាក​មែនទែន ដោយសារ​តែ​អ្នកលក់​ទាំងនោះ តែងតែ​យក​សត្វព្រៃ ទៅ​លាក់​ទុក នៅ​ក្នុង​ព្រៃ​ក្បែរ​នោះ រឺ​អ្នកលក់​សត្វព្រៃ​ទាំងនោះ បាន​រត់គេច​ខ្លួន​បាត់ នៅ​ពេល​ដែល​ដឹង​ថា សមត្ថកិច្ច​សត្វព្រៃ បាន​ចុះ​មក​ធ្វើការ​បង្ក្រាប ។

ជាមួយ​គ្នា​នេះ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សូម​បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​។ ការ​យក​សត្វព្រៃ​ទៅ​ធ្វើ​ជា​សត្វ​ចិញ្ចឹម រឺ​ការ​ប្រើប្រាស់​សាច់សត្វ​ព្រៃ មាន​ន័យ​ថា ជា​ការ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។ យើង​ត្រូវ​តែ​រួម​គ្នា​ការពារ​សត្វព្រៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់ ៕