ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ ដែល​មាន​ប្ដី​ជា​ជន​ពិការ​ភ្នែក​ទាំង​សងខាង បាន​លួចលាក់​ផិតក្បត់​ប្តី ឧស្សាហ៍​រួមមេត្រី​ជាមួយ​លោក​មេ​ភូមិ​ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​នោះ ទីបំផុត​ទៅខាងស្រីត្រូវស្លាប់​ បន្ទាប់ពីពួក​គេ​ណាត់គ្នា​រួមរ័ក​ដូច​សព្វមួយដង នៅ​កន្លែង​ថ្លុក​ក្របី​ ក្បែរ​ខ្ទម​ចាំចំការ​មួយ​កន្លែង ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ខណៈ​កំពុង​រួម​ភេទគ្នានោះ ​ស្រាប់តែ​ខាង​ស្រី​មាន​អាការ​មិន​ស្រួល​ក្នុង​ខ្លួន រហូត​សន្លប់​បាត់ស្មារតី ក៏​ត្រូវ​ភាគី​ខាង​ប្រុស​ជា​លោក​មេ​ភូមិ បីទីដាក់ក្នុងខ្ទម ដុត​សម្លាប់​ចោលតែ​ម្តង ​ដើម្បី​បំបាត់ដាន​ ។

ហេតុការណ៍​ដុត​សម្លាប់យ៉ាងព្រៃផ្សៃនេះបាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ ២០២០ លុះដល់​វេលា​យប់​ថ្ងៃ​ដដែល ទើប​គេ​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ខ្ទម​ចាំចម្ការ​មួយ​កន្លែង នៅ​ចំណុច​សែន​ណី ក្នុងភូមិ​ក្រាំង​ក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ដោយ​ដងខ្លួនស្រ្តីរងគ្រោះ ត្រូវ​បាន​ភ្លើង​ឆេះ​មួយ​កំណាត់​ផ្នែក​ខាងលើ សល់តែជើងទាំង២ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លង​មកនេះ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ដែល​មាន​តួនាទី​ជា​មេ​ភូមិ ផង​ដែរ ។

បើ​យោង​តាម​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង លោក​វីរ​សេនីយ៍​ទោ ហង្ស សុ​ជាតិ បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ហៅ​មក​សាកសួរ​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ មានឈ្មោះ ញេ​ប សុខុម ហៅ​(​កុំ​) អាយុ​៦៧​ឆ្នាំ ជា​មេ​ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ។ ចំណែកឯ​ស្ត្រី​រង​គ្រោះ មានឈ្មោះ ជា ថន អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មាន​ប្ដី​ជា​ជន​ពិការ​ភ្នែក​ទាំង​សងខាង ថែម​ទៀត​។

លោក​បាន​បន្ត​ថា ក្រោយ​ហៅ​លោក​មេ​ភូមិ ញេ​ប សុខុម នាំ​មក​ធ្វើការ​សាកសួរ​តាម​ជំនាញ​រួច​មក​នៅ​ថ្ងៃ​ទី​២៨ មិថុនា ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន ដោយ​ជនសង្ស័យ​ព្រម​សារភាព​ថា រូប​គាត់​ពិតជា​បាន​សម្លាប់​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ជនសង្ស័យ​ជា​មេ​ភូមិ បាន​រៀបរាប់​អោយ​ដឹង​ថា រូប​លោក​និង​ស្ត្រី​រង​គ្រោះ​ធ្លាប់ លួចលាក់​មាន​ទំនាក់ទំនង​ស្នេហារ​ជាមួយ​គ្នា ជា​យូរ​មក​ហើយ​មិន​តិច​ជាង ៥​ឆ្នាំ​ទេ ។ ជនសង្ស័យ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ក្នុងភូមិ​មាន​ពិធី​ភ្ជាប់ពាក្យ​មួយ ដោយ​លោក និង​ស្ត្រី​រង​គ្រោះ ក៏​បាន​មក​ចូលរួម ក្នុង​ពិធី​ភ្ជាប់ពាក្យ​នោះ ជាមួយ​គ្នា​ផង​ដែរ ។ លុះ​ចប់​ពិធី​ភ្ជាប់ពាក្យ ស្ត្រី​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​ចាំ​មុន នៅ​ចំណុច​ស្រែ​ណី ហើយ​បាន​ទូរស័ព្ទ​មក​រូប​លោក ណាត់ជួប​គ្នា​នៅ​ទីនោះ ។

លោក​មេ​ភូមិ បន្ថែម​ទៀត​ថា បន្ទាប់​មក​រូប​លោក​ក៏​ជិះ​ម៉ូតូ​ទៅ​ដល់ នា​ម៉ោង​ប្រហែលជា ១២​និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​២១ មិថុនា ២០២០ ក្រោយ​ពី​បាន​ជួប​គ្នា​ហើយ រូប​លោក​និង​នាង​បាន​រួម​រ័ក្ស​ជាមួយ​គ្នា​ដូច​សព្វមួយដង លើក​នេះ​ពួក​យើង​បាន​រួមរ័ក​គ្នា​នៅ​ក្នុង​ថ្លុក​ក្របី​គ្មាន​ទឹក​មួយ​កន្លែង ។ នៅ​ពេល​ដែល​កំពុង​រួម​ភេទ​នោះ ស្រាប់តែ​ស្ត្រី​រង​គ្រោះ មាន​អាការ​កន្ត្រាក់​ដៃជើង និង​សន្លប់​បាត់ស្មារតី ឃើញ​ដូច្នេះ រូប​លោក​ក៏​បាន​ជួយ​ធ្វើ​ចលនា ដោយ​រឹត​ទ្រូង នឹង​គក់​ច្របាច់​ធ្វើ​ស​សៃ​អោយ​អស់​រយៈពេល​ជា​ច្រើន​នាទី​ដែរ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​នៅ​តែ​មិនដឹង​ខ្លួន​ទៀត ទើប​លោក​បី​ជន​រង​គ្រោះ យក​ទៅ​ដាក់​នៅ​ក្នុង​ខ្ទម​ចាំចំការ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៣០​ម៉ែត្រ ពី​កន្លែង​ថ្លុក​ក្របី ។

ជនសង្ស័យ បាន​បញ្ជាក់​ថា ពេល​ទៅ​ដល់​ខ្ទម​ចាំចំការ រូប​លោក​ខ្លាច​បែក​ការណ៍ ក៏​ទៅ​រើស​កំទេចកម្ទី​ឈើ អង្កាម និង​ស្លឹក​ត្នោត មក​គរ​ពីលើ​ស្ត្រី​រង​គ្រោះ​ហើយ​យក​កេះ​ដែក មក​ដុត សម្លាប់​ចោល ដើម្បី​បំបាត់ភស្តុតាង​តែ​ម្ដង ។ ក្រោយ​ដុត ​ឃើញ​ថា ជន​រង​គ្រោះ​ឆេះ​ហើយ​នោះ រូប​លោក​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ តែ​ម្តង ។ រំលង​បាន​ជិត​១​ស​ប្តា​ហ៍ ទើប​សមត្ថកិច្ច​ហៅ​រូប​លោក​មក​សាកសួរ និង​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ សូមរម្លឹកថា មេភូមិព្រៃផ្សៃ ៖ ក្រោយពីរួមរ័កស្រីស្នេហ៍រួច ក៏បីនាងទៅដុតសម្លាប់ទាំងរស់ ដើម្បី