ខេត្តកំពង់ឆ្នាំង ៖ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងខ្ទមចាំចំការមួយកន្លែង ភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ មានករណីឃាតកម្មយ៉ាងសាហាវលើស្រ្តីម្នាក់ ដោយឃាតករបានសម្លាប់និងដុតសពស្រ្តីរងគ្រោះ បំណងបំបិទភ័ស្តតាង តែយ៉ាងណា ទីបំផុត ឈាមស្រែកហៅ ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់បាន គឺមេភូមិក្រាំងកន្រ្ទោល និងត្រូវជាគូស្នេហ៍លួចលាក់របស់ស្រ្តីរងគ្រោះ។

លោក ហង្ស សុជាតិ មេបញ្ជារការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ញេប សុខុម អាយុ៦៧ឆ្នាំ ជាមេភូមិក្រាំងកន្រ្ទោល ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន និងនាំមកសាកសួរកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងស្រ្តីរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហារជាមួយគ្នា អស់រយៈពេល៥ឆ្នាំមកហើយ។ ដោយឡែកនៅថ្ងៃកើតហេតុ ស្របពេលនោះក្នុងភូមិមានពិធីភ្ជាប់ពាក្យហើយ ខាងស្រីក៏បានមកចូលរួមក្នុងពិធីភ្ជាប់ពាក្យផងដែរ។ ក្រោយពីចប់ពិធីភ្ជាប់ពាក្យស្រ្តីជាគ្រោះបានជិះម៉ូតូទៅចំណុចស្រែណីចាំមុន រួចបានទូរស័ព្ទមកជនសង្ស័យ និងបានជួបគ្នានៅវេលាម៉ោងប្រមាណ១២៖៣៧នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីបានជួបគ្នាជនសង្ស័យ និងជនរងគ្រោះ បានរួមមេត្រីជាមួយគ្នាដូចសព្វមួយដង ដោយលើកនេះពួកគេបានរួមរ័ក្សជាមួយគ្នានៅកន្លែងថ្លុកក្របី គ្មានទឹកមួយកន្លែង ដែលមានចម្ងាយពីខ្ទមដែលដុតសពស្ត្រីរងគ្រោះប្រមាណជា៣០ម៉ែត្រ។

ជនសង្ស័យសារភាពបន្តថា នៅពេលដែលកំពុងរួមភេទ ខណៈនោះជនរងគ្រោះមានអាការៈកន្ត្រាក់ដៃជើង ឃើញដូច្នេះជនសង្ស័យក៏បានជួយធ្វើចលនារឹតទ្រូង នឹងច្របាច់គក់ អស់រយៈពេលជាច្រើននាទី ស្ត្រីរងគ្រោះនៅតែមិនដឹងខ្លួន ទើបជនសង្ស័យបានបីជនរងគ្រោះ យកទៅដាក់នៅក្នុងខ្ទមចាំចំការ ដែលនៅក្បែរនោះ បន្ទាប់មកក៏ទៅរើសកំទេចកម្ទី អង្កាម និងស្លឹកត្នោត មកគរពីលើជនរងគ្រោះហើយកេះដែកកេះដុតជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង ហើយខ្លួនក៏បានជិះម៉ូតូចេញពីទីនោះភ្លាមៗផងដែរ តែដឹងអី ចុងក្រោយត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចដដែល។

គួររំលឹកថា៖ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានករណីឃាតកម្មដ៏សាហាវ លើស្រ្តីម្នាក់ឈ្មោះ ជា ថន អាយុ៥៦ឲឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្ដីជាជនពិការភ្នែកទាំងសងខាង។ ស្រ្តីរងគ្រោះ ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងខ្ទមចាំចម្ការមួយកន្លែងនៅចំណុចសែនណី ដោយដងខ្លួនត្រូវបានភ្លើងឆេះមួយកំណាត់ផ្នែកខាងលើ ៕