ភ្នំពេញ ៖ ដោយសារប្រតិកម្មសារធាតុញៀន បុរសម្នាក់បានគាំងបេះដូងដួលស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១៖០០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១៨៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

ជនរងគ្រោះ ឈ្មោះ រស់ ចាន់ផាណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បងស្រីបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសរបស់គាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀនរហូតក្រុមគ្រួសារបញ្ចូនទៅមណ្ឌលកែប្រែ ៣ទៅ៤ដងមកហើយ។ តែពេលចេញមកវិញនៅតែបន្តប្រើប្រាស់គ្រឿងញៀនដដែល ។

បងស្រីបង្កើតរបស់ជនរងគ្រោះបានបន្តថា មុនពេលកើតហេតុ ប្អូនប្រុសរបស់គាត់បានត្រលប់មកពីដើរលេងនៅខាងក្រៅ ដោយមានអាការៈមិនស្រួលក្នុងខ្លួន ហើយបានដួលក្បែរទ្វារបន្ទប់ស្តូកស្ដឹងបាត់មាត់បាត់ក។ ដោយប្អូនប្រុសរបស់គាត់នេះមានចរិតកាចសាហាវណាស់ ពេលឃើញដូច្នោះ មិនមាននរណាហ៊ានចូលទៅក្បែរដែរ តែដោយសារបាត់មាត់យូរពេក ទើបក្រុមគ្រួសារគាត់បានទៅហៅមន្ត្រីមន្ទីរសង្គមកិច្ច ក្នុងបំណងឱ្យមកចាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀន តែជាអកុសល ប្អូនប្រុសគាត់បានដាច់ខ្យល់ស្លាប់ទៅហើយ ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែងតែម្ដង។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យសពជនរងគ្រោះរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ពិតជាស្លាប់ដោយសារអាការៈមិនស្រួលខ្លួន ប្រតិកម្មគ្រឿងញៀនដោយខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕