រាជធានីភ្នំពេញ ៖ បុរសរត់ម៉ូតូកង់បីម្នាក់ បានដេកស្លាប់លើកង់បីរបស់ខ្លួនយ៉ាងអាណោចអាធ័ម ដោយជំងឺលើសឈាម និងជំងឺបេះដូង ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង១៧ និង១០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅចំនុចលើចិញ្ចើមផ្លូវលេខ៦៣កែងផ្លូវ២១៤ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះប៉ែន នាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកងបី ទីកន្លែងកំណើតឃុំព្រៃគយ ស្រុកអណ្ដូងទឹក ខេត្តឃ្លាំង(កម្ពុជាក្រោម) អាសយដ្ឋាន ភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រោយកើតហេតុ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ និងបានរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណ:កម្មការធ្វើកោសល្យវិច័យ ពិនិត្យសព។

ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយជំងឺលើសឈាមនិងជំងឺបេះដូង។ បន្ទាប់មក បានដឹកសពយកមកតម្កលនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីរង់ឲ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕