រាជធានីភ្នំពេញ ៖ សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មិថុនា ម្សិលមិញ​នេះ​ថា ក្រសួងសុខាភិបាល គ្រោង​សាកល្បង​ដាក់​ម៉ាស៊ីន​ស្វែងរក​មេរោគ​កូ​វី​ដ​១៩ ចំនួន​៦៤​ទីតាំង ។

រដ្ឋមន្ត្រី បន្ត​ថា សព្វ​ថ្ងៃនេះ បណ្តា​ប្រទេស​នៅ​លើ​សកលលោក បាន​យក​ម៉ាស៊ីន សម្រាប់​ពិនិត្យ និង​ព្យាបាល​អ្នក​កើត​ជំងឺរបេង ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ស្វែងរក និង​ពិនិត្យ អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​–១៩ ដូច្នេះ​ក្រសួងសុខាភិបាល​កម្ពុជា មាន​ម៉ាស៊ីន​ជី​ន​អ៊ិ​ច​ស្ពឺ​ដ ចំនួន​៨៣​គ្រឿង បាន​សម្រេច​ដាក់​ឲ្យ​ដំណើរការ​សាកល្បង ជំហាន​ដំបូង នៅ​ក្នុង​ខេត្តសៀមរាប ចំនួន​០១​ទីតាំង និង​គ្រោង​ដាក់​ដំណើរការ​ចំនួន​៦៣ ទីតាំង​ផ្សេង​ទៀត (​សរុប​៦៤​ទីតាំង​) ។

លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង បន្ថែម​ថា បើ​មន្ត្រី​សុខាភិបាល​យើង​អនុវត្តន៍​បាន​ជោគជ័យ យើង​អាច​ចូលរួម​សម្រាល​បន្ទុក​ការងារ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល បាន​រហ័ស ព្រោះ​វា​ជា​ការងារ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ខាង​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​បេង​មាន​ម៉ាស៊ីន​ស្រាប់ ក៏​សូម​ផ្សារ​ភ្ជាប់​ជាមួយ​ការងារ​នេះ យើង​ក៏​កំពុង​តាមដាន​សុខភាព​របស់​ប្រជាពលរដ្ឋ​ទាក់ទង នឹង​ជំងឺ​សួត និង​ជំងឺ​កូ​វី​ដ​១៩ ដែល​សព្វថ្ងៃ​នៅ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ​កំពុង​ធ្វើ ហើយ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ក៏​កំពុង​ស្រាវជ្រាវ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​សួត ដែល​មក​ដល់​ពេល​នេះ មិនឃើញ​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ មាន​កើតឡើង​ក្នុង​សហគមន៍​នោះ​ទេ ។

ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​បាន​បញ្ជាក់​ដែរ​ថា ស្រប​ពេល​ករណី​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​ឆ្លង ជា​ករណី​នាំ​ចូល​ពី​បរទេស​មក​កាន់​កម្ពុជា​នោះ កម្ពុជា​នឹង​ពង្រឹង​វិធានការ​ការពារ ត្រួតពិនិត្យ​យ៉ាង​រឹង​មាំ នៅ​តាម​ច្រកចេញ ចូល​តាម​ព្រំដែន​ប្រទេស​ជិតខាង ជា​ពិសេស​ជនជាតិ​ខ្មែរ និង​បរទេស ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស ចូល​មក​កាន់​ប្រទេស តាម​ជើងហោះហើរ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវធ្វើ​តេស្ត យក​សំណាក ពិសោធន៍ រក​មេរោគ​កូ​វី​ដ​១៩ ។ ក្នុង​ករណី​រក​ឃើញ​ថា មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ត្រូវ​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ហើយ​បុគ្គល​ដែល​ប៉ះពាល់ និង​ជិត​ស្និត យក​គាត់​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក មូលដ្ឋាន​ទ័ពអាកាស មណ្ឌល​វិទ្យាល័យ​ជម្ពូ​វ័ន និង​បណ្តា​សណ្ឋាគារ ៕