ភ្នំពេញ៖ បុរសជាប្ដីមារយាទអន់ម្នាក់ ទំនេរអត់ការងារធ្វើ បានទិញស្រាផឹក រហូតដល់ស្រវឹង វាយប្រពន្ធហើមមុខខៀវភ្នែក រួចគំរាមកាប់ប្រពន្ធថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចុះមកបម្រុងនាំខ្លួនទៅប៉ុស្តិ៍ តែប្រពន្ធអង្វរសុំត្រឹមជួយអប់រំបញ្ចប់រឿង មិនចាំបាច់នាំប្ដីទៅប៉ុស្តិ៍ ទេ ។

ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដើមខ្វិត សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ ។
ស្ត្រីជាប្រពន្ធ បានឲ្យដឹងថា ប្ដីគាត់មួយរយ:នេះទំនេរ អត់ការងារធ្វើ តែងតែផឹកស្រាជារៀងរាល់ថ្ងៃ។ លុះដល់វេលាកើតហេតុ ពេលគាត់ត្រឡប់មកពីធ្វើការរោងចក្រវិញ ប្ដីដែលស្រវឹងបាត់ទៅហើយនោះ បានរករឿងប្រគាត់ និងវាយគាត់ចំសៀតផ្កាខាងស្ដាំ បណ្ដាលឲ្យហើមប៉ោង និងជាំខៀវភ្នែកខាងឆ្វេង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង មកជួយឃាត់ តែត្រូវលោកប្ដីគំរាមកាប់ថែមទៀត។

ពេលនោះដែរ អ្នកជិតខាងបានទទួលទូរស័ព្ទទៅសមត្ថកិច្ចបុស្តិ៍ទួលសង្កែទី១ ឱ្យចុះមកជួយអន្ដរាគមន៍។ តែពេលឃើញសមត្ថកិច្ចចុះមកដល់ ជនបង្កបានរត់ចូលក្នុងបន្ទប់ជួលបិទទ្វារជិត សំងំស្ងាត់មាត់ឈឹង។ ចំណែកស្រ្តីជាប្រពន្ធ បានសុំអង្វរសមត្ថកិច្ចកុំចាប់ប្ដីគាត់អី គាត់ថាប្ដីគាត់ខ្លាំង ហ៊ានវាយតែប្រពន្ធខ្លួនឯងទេ ចំពោះអ្នកដទៃប្ដីសម្លាញ់គាត់មិនហ៊ានវាយទេ ធ្វើឱ្យសមត្ថកិច្ចហួសចិត្ត បានត្រឹមអប់រំណែនាំប្ដីប្រពន្ធ ទាំង២នាក់ ថ្ងៃក្រោយកុំឲ្យមានរឿងវាយតប់បែបនេះទៀត។

តាមប្រភពកន្លែងកើតហេតុ បានឱ្យដឹងថា សម្រាប់ប្ដីប្រពន្ធមួយគូនេះជាទម្លាប់ទៅហើយ គឺឲ្យតែប្ដីស្រវឹងស្រា តែងតែវាយប្រពន្ធបែបនេះ តែដោយសារពួកគាត់អ្នកជិតខាងខ្លាចមានហិង្សាឈានដល់ការកាប់សម្លាប់ប្រពន្ធ ទើបរាយការណ៍ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍តែម្តង ៕