ខេត្តពោធិ៍សាត់ ៖ នាងក្រមុំវ័យក្មេងស្រស់ស្អាតម្នាក់ បានកើតមានជំងឺប្រចាំកាយជាច្រើនមុខ ទោះក្រុមគ្រួសារព្យាយាមនាំយកទៅព្យាបាលនៅមន្ទីរពេទ្យយ៉ាងណា ក៏ឥតបានផលដែរ ហើយទំនងជាដឹងថា ខ្លួនមិនអាចតតាំងឈ្នះព្រហ្មលិខិតបាន ទើបនាងសុំដេកក្បែរម្តាយជាលើកចុងក្រោយ មុននឹងបែកគ្នាជារៀងរហូត។
យុវតីអភ័ព្វដែលស្លាប់ទាំងវ័យក្មេងនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកុឈ្មោះ Øüñ Dÿ ហើយនាងបានលាចាកពីលោកនេះ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងវ័យ២០ឆ្នាំ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ “ស្រុកភ្នំក្រវាញ ផ្ទះខ្ញុំ” ដែលត្រូវជាបងស្រីរបស់យុវតីអភ័ព្វខាងលើបានបង្ហោះសារទុក្ខសោកមួយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថា “ប្អូនខ្ញុំគាត់ហត់ហើយ គាត់ប្រាប់ខ្ញុំថា គាត់លែងចង់ដើរប្រជែងនឹងព្រហ្មលិខិតដែលធ្វើបាបគាត់តាំងពីកើតមក រហូតរយៈពេល២០ឆ្នាំមកនេះ ប្អូនប្រាប់ខ្ញុំថា ឈប់កាន់ដៃខ្ញុំដើរទៅចែ ខ្ញុំហត់ហើយ ប្អូនសុំទៅគេងជិតម្តាយរបស់ប្អូនវិញ ប្អូនទៅលែងរួចហើយចែ មិនបាច់បញ្ជូនប្អូនទៅណាទេ ចែក៏ហត់ដែរ ចែអត់បានគេង១អាទិត្យហើយ តែប្អូនសុំចែរឿងចុងក្រោយ ប្អូនចង់បានអាវថ្មីពីរឈុត និងកងដៃ ចិញ្ចៀន ខ្សែកប្អូន ដែលប្អូនដោះទុកនៅផ្ទះ ដែលជាកម្លាំងរបស់ប្អូន ប្អូនស្រលាញ់ណាស់ចែ ប្អូនខំធ្វើការរោងចក្រ២-៣ឆ្នាំ ទម្រាំតែទិញបាន ចែជួយទៅយកឱ្យប្អូន ហើយពាក់ឱ្យប្អូនផងចែ ដង្ហើមចុងក្រោយប្អូនស្រែក ចែអើយជួយខ្ញុំផង តែពីរម៉ាត់ ប្អូនដេក ចែហៅប្អូនមិនឆ្លើយតប ជាមួយនឹងចែសោះ អូនបានរបស់ដែលប្អូនចង់បានចុងក្រោយអស់ហើយ ហេតុអ្វីប្អូនមិនឆ្លើយតបជាមួយបង? ប្អូនទៅចោលបង ទាំងដែលបងសន្យាថា នាំប្អូនដើរលេងឱ្យតែប្អូនជា ចុះហេតុអ្វីប្អូនមិនទុកពេលឱ្យបងបំពេញសន្យារបស់បងសិនអូន…”។
ជុំវិញនឹងការស្លាប់របស់យុវតីអភ័ព្វនេះ ចំពោះ ម្ចាស់គណនីហ្វេសប៊ុក ខាងលើបានបញ្ជាក់ថា ប្អូនស្រីរបស់គាត់(យុវតីរងគ្រោះ) ឈឺជាច្រើនមុខណាស់ ៕