ខេត្តកណ្ដាល ៖ ជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួន ដែលទើបមានអាយុ១៥ឆ្នាំ អស់រយៈពេលជាយូរខែ លុះបែកធ្លាយដល់ម្ដាយ ក៏ធ្វើដំណើរមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនប្តីគម្រក់ យកទៅចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ។

ជនសង្ស័យឈ្មោះ អេម រី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ ជាកូនមានអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខាងលើជាមួយគ្នា។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន៥ឆ្នាំ កាលពីឆ្នាំ២០០០ ពីបទលួច។ ពេលចេញពីពន្ធនាគារ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន និងហិង្សាក្នុងគ្រួសារ។ លុះមកដល់កំឡុងខែមករា ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីខ្លួន រហូតមក និងគំរាមសម្លាប់ចោល បើក្មេងស្រីរងគ្រោះហ៊ានប្រាប់ម្ដាយឲ្យដឹង។

ប្រភពបន្តថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះ បានដេកលើផ្ទះម្នាក់ឯង ខណៈនោះ ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពលូកស្ទាបអង្អែលខ្លួនប្រាណកូនស្រី តែមិនបានចាប់រំលោភទេ ហើយស្អែកឡើង ជនសង្ស័យបានហៅកូនស្រី(ក្មេងស្រីរងគ្រោះ )ឲ្យមកធ្វើសរសៃបានសមបំណង ក៏បានប្រើអំពើហិង្សាវាយដំលើកូនស្រី ធ្វើឲ្យនាងទ្រាំនឹងទង្វើដ៏សាហាវរបស់ឪពុកលែងបាន ក៏ដាច់ចិត្តទម្លាយរឿងនេះ ប្រាប់ស្ត្រីជាម្តាយ ហើយម្ដាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ជួយអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនសង្ស័យនាំមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើជនរងគ្រោះជាកូនពិតមែន។
ជនសង្ស័យត្រូវសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកមុខកំពូល កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕