រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងស្រុកបូរីអូស្វាយសែនជ័យ បានចុះរុករកឈើជាច្រើនសន្លឹក ដែលឈ្មួញយកមកទំលាក់ទុកក្នុងទឹកស្រះមួយកន្លែងជាប់នឹងផ្លូវជាតិលេខ៧ ក្នុងភូមិឧបសម្ព័ន្ធ (ឬទ្ធីសែនជ័យ២) ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ការចុះនិងរឹបអូសឈើប្រណិតនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ។

ឈើប្រណិតទាំងនោះ ជា ប្រភេទឈើលេខ១(ផ្ចឹក)ចំនួន១៤៤សន្លឹក ស្មើនឹង៨,៨១៨ម៉ែត្រគូប ក្នុងស្រះទឹកត្រង់ចំណុច (UTM(617426-1531819)។
ចំណែកវត្ថុតាងឈើល្មើសច្បាប់ខាងលើ ក្រោយបង្ក្រាបត្រូវបានដឹកយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា បើតាមការស្រាវជ្រាវ គេសង្ស័យថា មានជនខិលខូច រកស៊ីលួចដឹកជញ្ជូនឈើខុសច្បាប់ហើយ ទើបដឹកយកមកទម្លាក់ក្នុងទឹកស្រះខាងលើ នៅពេលយប់ជ្រៅស្ងាត់ ប្រហែលជា២ទៅ៣ថ្ងៃមកហើយ ក្រោយពេលបែកការដល់សមត្ថកិច្ច ខណៈម្ចាស់ដឹងខ្លួនក៏គេចបាត់ពុំមានហានចេញមុខនោះទេ៕