ខេត្តកំពង់ធំ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្តកំពង់ធំ បាន​ចុះ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ស្ថិត​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយៀ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បន​ល្បែងស៊ីសង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បានការ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​បង្ក្រាប​បន​ល្បែងស៊ីសង នៅ​ក្នុង​មូលដ្ឋាន​ដែល​កំពុង​តែ​ប​ង្វ​ក់​ស្មារតី ឲ្យ​ស្ត្រី​មេផ្ទះ ក្លាយជា​ស្ត្រី​នៅ​ក្នុង​បន​ល្បែង និង​ដោយ​មានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ផង​ដែរ ។

ជា​លទ្ធផល សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ដកហូត​បៀ​៣​ហ៊ូ​, ក្រដាស​ឆ្នោត​ឡូ​តូ​១០​សន្លឹក និង​ម៉ូតូ​៤​គ្រឿង ។ ចំពោះ​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចំណែក​មនុស្ស ត្រូវ​បាន​អបរំ​ណែនាំ ហើយ​ឲ្យ​ទៅ​ផ្ទះ​វិញ ៕