ខេត្តកំពត ៖ ដូចប្រិយមិត្តបានជ្រាបខ្លះៗហើយ កាលពីប៉ុន្មានខែមុន មានករណីបុរសខ្មែរម្នាក់ បានរៀបគម្រោងស៊ីដាច់ដីរបស់បុរសជនជាតិអាមេរិកាំង ឈ្មោះថម ដែលជាបងធម៌ចំនួន៦ប្លង់ នៅក្នុងខេត្តកំពត តែក្រោយមក ដោយមានការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំកំពូល ទើបបុរសជាប្អូនធម៌នោះ បានយកព្រមប្រគល់ដីទាំងនោះជូនលោក ថម វិញ ស្រាប់តែថ្មីៗ បានបែកធ្លាយ មានជនកំហូចម្នាក់ បានប្រើល្បិចយកដីជនបរទេស នៅខេត្តកំពត ១ករណីទៀតហើយ។

យោងតាមផេក Pheng Vannak News ដែលបានបង្ហោះកាលពី១២ម៉ោងមុន មានខ្លឹមសារថា « ជនជាតិខ្មែរនៅខេត្តកំពត ស៊ីដាច់ដីជនបរទេសទៀតហើយ ?
ហ៊ឹម ម្ដេចក៏សំបូរមនុស្សលោភលន់ម្ល៉េះ ? សូមឯកឧត្តមអភិបាលខេត្ត កំពត មេត្តាពិនិត្យមើលករណីនេះផង តើពិតដូចជនបរទេសរូបនេះ រៀបរាប់ដែរឬទេ ? ចំណែក ខ្មែរយើង បើយករបស់គេមែន សូមអោយគេវិញទៅកុំអោយមានបញ្ហាអាប់ឱនកិត្តិយស »។
សូមបញ្ជាក់ថា ករណីជនកំហូចប្រើល្បិចស៊ីដាច់ដីជនបរទេសនេះ បានកើតឡើង នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ជុំវិញនឹងករណីនេះ «KBN» ដឹងថាមានការពិតកម្រិតណាទេ ព្រោះមិនអាចសុំការបកស្រាយពីសាមីជនរងគ្រោះ និងអាជ្ញាធរមូលដ្ឋានបាន តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ដោយ ៖ សិន សុភាព