ខេត្តរតនគិរី៖ បុរសជាកសិករម្នាក់ទៅចូលរួមកម្មវិធីភ្ជាប់ពាក្យគេ ផឹកស៊ីរហូតដល់ស្រវឹង លុះជិះម៉ូតូទៅចម្ការវិញ ស្រាប់តែធ្លាក់ប្រឡាយបាក់កស្លាប់។ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្រែម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ។

ជនរងគ្រោះឈ្មោះ អីម ផាន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើត នៅភូមិត្រពាំងប្រី ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត ។ បច្ចុប្បន្ន រស់នៅភូមិម៉ាលិកឃុំម៉ាលិក ស្រុកអណ្ដូងមាស មុខរបរ កសិករ។ ប្រពន្ធឈ្មោះអ៊ូ វ៉ាងហេង អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ។

មុនពេលកើតហេតុ ជនរងគ្រោះទៅចូលរួមកម្មវិធីភ្ជាប់ពាក្យគេ ផឹកស៊ីរហូតដល់ស្រវឹង លុះជិះម៉ូតូទៅចម្ការវិញ ស្រាប់តែធ្លាក់ប្រឡាយ បណ្ដាលឱ្យបាក់កស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញអធិការដ្ឋានស្រុក និងប៉ុស្តិ៍ម៉ាលិក បានចុះទៅពិនិត្យ ឃើញថា ជនរងគ្រោះពិតជាជិះម៉ូតូធ្លាក់ប្រឡាយបណ្ដាលឲ្យស្លាប់ពិតមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុភាព