រាជធានីភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចឱ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី -ខេត្ត ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ក្រោយសង្កេតឃើញ ជាក់ស្ដែងថា ការកាប់រានដីព្រៃឈើ ឈូសឆាយដីរដ្ឋ ខុសច្បាប់ នៅតែបន្តកើតមានឡើង។

យោងតាមលិខិត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការកាប់រានដីព្រៃឈើ និងព្រៃលិចទឹក ការដឹកជញ្ជូនផល អនុផលព្រៃឈើ និងការកាប់រាន ដុត ឈូសឆាយដីរដ្ឋខុសច្បាប់ នៅតែបន្តកើតមានដោយឥតឈបឈរ ដែលកើតមានឡើងគួរឱ្យកត់សម្គាល់ នៅតាមបណ្តាខេត្តមួយចំនួន។

លិខិតរបស់រដ្ឋមន្ត្រីបន្តថា “ដើម្បីធានាបានប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ និងជលផលនោះ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្រោមយន្តការគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី -ខេត្ត ស្របតាមស្មារតីអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ និងសារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់”៕