ខេត្តតាកែវ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមធ្វើការបំភ្លឺជូនសាធារណៈជន ក្រោយពីអង្គភាព KBN News ចេញផ្សាយអត្ថមួយមានចំណងជើងថា «ប្រជាពលរដ្ឋនៅស្រុកគិរីវង់ សម្តែងការមិនពេញចិត្តចំពោះមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ យកប្រាក់ពីប្រជាពលរដ្ឋម្នាក់១ម៉ឺនរៀល ថ្លៃធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ក្រោយពីមានការផ្សាយរបស់អង្គភាព KBN News និងទទួលបាននូវព័ត៌មានខាងលើ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្កើតក្រុមការងារ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី អេង សុខលី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម។ បន្ទាប់មក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺដែលមានខ្លឹមសារដូចខាងក្រោម៖

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅស្រុកគិរីវង់ បានទូរស័ព្ទត្អូញត្អែរប្រាប់អង្គភាព «KBN» ឲ្យជួយចុះផ្សាយ ដើម្បីបញ្ជូនដំណឹងមួយនេះ ទៅមន្ត្រីថ្នាក់លើបានដឹងថា មានមន្ត្រីនគរបាលនៅអធិការដ្ឋានស្រុកគិរីវង់ ដែលលោកយុគ សារ៉ាត់ ជាអធិការនគរបាលស្រុកគិរីវង់ បានបើកដៃឲ្យប៉ូលិសក្រោមឪវាទ យកប្រាក់ពីពលរដ្ឋម្នាក់១ម៉ឺនរៀលថ្លៃធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ តាមពួកគាត់ដឹងខាងរាជរដ្ឋាភិបាល ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដោយគិតប្រាក់អ្វីទាំងអស់ ប៉ុន្តែចម្លែកខុសគេតែមន្ត្រីនគរបាលនៅស្រុកគិរីវង់ តម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ចំនួន១ម៉ឺនរៀល ថ្លៃធ្វើអត្តសញ្ញាណប័ណ្ណទៅវិញ ។

ពលរដ្ឋខាងលើបញ្ជាក់ថា មន្ត្រីប៉ូលិសដែលយកប្រាក់ថ្លៃធ្វើអត្តសញ្ញាណប័ណ្ណនោះ មានឈ្មោះង៉ែត ហើយពេលនេះមន្ត្រីនគរបាលរូបនេះកំពុងតែកាក់កប និងសប្បាយចិត្តខ្លាំងណាស់ ក្នុងការប្រមូលប្រាក់ពីពលរដ្ឋ ព្រោះប្រជាពលរដ្ឋនៅក្នុងស្រុកគិរីវង់ មិនតិចនាក់ទេ ដែលត្រូវបង់ប្រាក់ថ្លៃធ្វើអត្តសញ្ញាណប័ណ្ណ ហើយបើពលរដ្ឋណាមិនបង់លុយឲ្យទេ គេមិនធ្វើឲ្យឡើយ។

ពួកគាត់ឆ្ងល់ណាស់ និងចង់បានចម្លើយពីមន្ត្រីថ្នាក់លើ តើការយកប្រាក់ពីពលរដ្ឋម្នាក់១ម៉ឺនរៀល ថ្លៃធ្វើអត្តសញ្ញាណប័ណ្ណនៅស្រុកគិរីវង់នេះ មន្ត្រីថ្នាក់ខេត្ត ថ្នាក់ក្រសួងបានជ្រាបទេ ហើយអ្វីដែលពួកគាត់លើកឡើងនៅពេលនេះ គឺជារឿងពិត បើមន្ត្រីថ្នាក់លើ ចង់ដឹងច្បាស់ថា មន្ត្រីនគរបាលឈ្មោះង៉ែត បានយកលុយពីពលរដ្ឋ ឬអត់ អាចអញ្ជើញទៅសាកសួរពលរដ្ឋដោយផ្ទាល់ នៅកន្លែងធ្វើអត្តសញ្ញាណប័ណ្ណនៅសាលាស្រុកគិរីវង់៕

ដោយ៖ សិន សុភាព