យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន BBC បាន​ចេញផ្សាយ​ថា តារា​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល កីឡាករ​ខ្សែប្រយុទ្ធ Neymar Jr ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប​អ្នកមាន​បារាំង PSG ត្រូវ​បាន​តុលាការ​អេ​ស្ប៉ា​ញ​សម្រេច​ឲ្យ​ចាញ់ក្តី​ដោយ​ត្រូវ​បង់ប្រាក់​ចំនួន ៧.៤៨ លាន​ដុល្លារ​ទៅ​ឲ្យ​អតីត​ក្លិប​របស់​ខ្លួន FC Barcelona ។

ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នា​រូប​នេះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​សាលាឧទ្ធរណ៍​ភ្លាម​ៗ​ប្រឆាំង​នឹង​សេចក្តីសម្រេច​នេះ ក្រោយ​ពី​ចៅក្រម​សម្រេច​គាំទ្រ​ក្លិប​អ្នកមាន​បុណ្យ FC Barcelona ។ ចំណែកឯ​ក្លិប Barcelona វិញ​ក៏​បាន​ស្វាគមន៍​ចំពោះ​សាលក្រម​របស់​តុលាការ​ដែល​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន ។

កន្លង​មក​អតីត​ខ្សែប្រយុទ្ធ​ក្លិប​អ្នកមាន​បុណ្យ FC Barcelona កីឡាករ Neymar Jr បាន​អះអាង​ថា ក្លិប Barcelona នៅ​មិន​ទាន់​ទូទាត់​ប្រាក់​ចំនួន​៤៨​លាន​ដុល្លារ​ដែល​ជា​ប្រាក់​លើកទឹកចិត្ត​ក្នុង​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​រវាង Neymar និង​ក្លិប Barcelona មុន​ពេល​ដែល​រូបគេ​ចាកចេញ​ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង PSG នៅ​ខែសីហា ឆ្នាំ​២០១៧ ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់គ្រង FIFA ផង​ដែរ បន្ទាប់​ពី Barcelona បាន​បដិសេធ​មិន​បង់ប្រាក់​ឲ្យ​គាត់​បន្ទាប់​ពី​ការ​ផ្ទេរ​ដែល​មាន​តម្លៃ​២៤៨​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ តែ​ទោះជា​យ៉ាងណា​រហូត​មក​ទល់​ពេល​នេះ FIFA មិន​បាន​ចាត់វិធានការ​អ្វី​នោះ​ទេ​ដោយ​និយាយ​ថា នឹង​ទុក​រឿង​ក្ដី​នេះ​ឲ្យ​ទៅ​តុលាការ​អេ​ស្ប៉ា​ញ​ជា​អ្នក​ដោះស្រាយ ៕