អ្នក​វិទ្យាសាស្ត្រ​នៃ​មន្ទីរពិសោធន៍​របស់​ចិន​កំពុង​តែ​ដុតដៃដុតជើង​បង្កើត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ចំនួន​សត្វ​ស្វា​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើតេស្ត​បណ្តាល​ឲ្យ​សត្វ​ស្វា​មាន​តម្លៃ​កើនឡើង​១​គុណ​នឹង​១០ ខណៈ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​៩​នេះ​ក៏​គ្រោង​នឹង​ធ្វើតេស្ត​លើ​មនុស្ស​ឆាប់​ៗ​ផង​ដែរ ។

ក្រុមហ៊ុន​ល្បីឈ្មោះ Yisheng Biopharma ខាង​ផលិត​វ៉ាក់សាំង​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Shenyang កំពុង​ខិតខំ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​៩​ចាប់តាំងពី​វីរុស​មួយ​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង​មក​ម្ល៉េះ ។ វ៉ាក់សាំង​កូ​វី​ដ​១៩ នេះ​ធ្លាប់​ត្រូវ​បាន​សាកល្បង​រួច​មក​ហើយ​លើ​សត្វ​ទន្សាយ និង​កណ្តុ ដោយ​លទ្ធផល​ទទួល​បាន​មក​វិញ​ល្អ​ព្រោះ​សត្វ​ទាំងនេះ​មាន​កម្រិត​អង់​ទី​ករ​ខ្ពស់ ។ ហើយ​វា​មិន​ត្រឹមតែ​ជា​វ៉ាក់សាំង​ការពារ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​បាន​ទៀត​ផង ។

ក្រុមហ៊ុន​ខាងលើ​ធ្លាប់​ទិញ​សត្វ​ស្វា​ក្នុង​មួយ​ក្បាល​តម្លៃ​១៤០០​ដុល្លារ ទៅ​២៨០០​ដុល្លារ​ប៉ុន្តែ​ដោយសារ​តែ​កង្វះខាត​រក​សត្វ​ស្វា​មិន​បាន​ពេល​នេះ​តម្លៃ​សត្វ​ស្វា​បាន​កើនឡើង​១​គុណ​នឹង​១០ ។ ចិន​ជា​ប្រ​ទស​មួយ​ដែល​ផ្គត់ផ្គង់​សត្វ​ស្វា​ដល់​មន្ទីរពិសោធន៍​នានា​ដ៏​ធំ​មួយ​ដែល​នាំ​ចេញ​សត្វ​ស្វា​ដល់​ទៅ​២០០០០​ក្បាល​កាលពី​ឆ្នាំ​២០១៩ និង​បាន​ប្រើប្រាស់​សត្វ​ស្វា​ក្នុង​ការ​ស្រាវជ្រាវ​ដល់​ទៅ​១៨០០០​ក្បាល​ដើម្បី​ធ្វើតេស្ត​ក្នុង​ប្រទេស​ចិន ៕