ព្យុងយ៉ាង៖ កូរ៉េខាងជើង បាននិងកំពុងបោះពុម្ពខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូង ជាច្រើន ត្រៀមបង្ហោះផ្សព្វផ្សាយនៅតាមព្រំដែន ដែលជាការសងសឹកទៅលើកូរ៉េខាងត្បូង ដែលបានបង្ហោះខិត្តប័ណ្ណចូលទឹកដីកូរ៉េខាងជើង បំពានកិច្ចព្រមព្រៀង។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ។

ទង្វើនេះបានធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េ កាន់តែតានតឹងថែមទៀត ក្រោយប្រទេសទាំងពីរមិនព្រមបន្ធូរបន្ថយស្ថានភាពឲ្យបានធូរស្រាលឡើងវិញ ។
ជាមួយគ្នានេះដែរ ក្រោយពេល អាមេរិក បញ្ជូនយន្តហោះពីរគ្រឿងប្រភេទ B-52H ហោះហើរឆ្លងកាត់ព្រំដែនកូរ៉េខាងជើង ធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។

តាមគេហទំព័រ Aircraft Spots បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់អាមេរិក ប្រភេទ B-52H បានហោះហើរឆ្លងកាត់តំបន់ភាគខាងជើង ប្រទេសជប៉ុន កាលពីថ្ងៃទី ១៩ ខែមិថុនា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីយន្តហោះខាងលើនោះឡើយ។ នេះជាលើកទី២ហើយដែលយន្តហោះនេះបានហោះហើរជិតព្រំដែនកូរ៉េទាំងពីរ ក្នុងសប្តាហ៍នេះ។

ចំណែកកម្លាំងទាហានអាកាសអាមេរិក ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា យន្តហោះ២គ្រឿងរបស់អាមេរិក ប្រភេទ B-52H ក៍បានចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានជប៉ុន កាលពីថ្ងៃទី១៧ ខែមិថុនា ។
អាមេរិកបានបញ្ជូនយន្តហោះទមា្លក់គ្រាប់បែកមកកាន់ឧបទ្វីបកូរ៉េ ខណៈកូរ៉េខាងជើង គំរាមតបតកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ហើយរំលាយការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរចោលទៀតផង៕

ដោយ៖​ សុភាព