អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្មេង​ៗ​សិស្សសាលា​សាសនា​មួយ​នៅ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន​៩​នាក់​បាន​បាត់បង់​ជីវិត និង​រង​របួស​ជា​ច្រើន​នាក់​ទៀត​ក្រោយ​ពី​មានការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ក្នុង​សាលា​ដោយ​ពួក​ប្រកាន់​សាសនា​បណ្តាល​ឲ្យ​ក្មេងៗ​ក្លាយជា​ជន​រង​គ្រោះ​ដោយ​អយុត្តិធម៌ ។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ។

តាម​ប្រភព​ពី​អ្នកនាំពាក្យ​កម្លាំង​ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា តាម​លទ្ធផល​ស្រាវជ្រាវ​ជាបឋម​ការ​បំផ្ទុះ​នេះ​បង្ក​ឡើង​ដោយ​គ្រាប់កាំភ្លើង​ត្បាល់ ។ នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា គ្រាប់កាំភ្លើង​ត្បាល់​នេះ​នាំ​ចូល​សាលារៀន​ដោយ​របៀប​ណា​នោះ​ទេ ។

កម្លាំង​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​គឺជា​សិស្ស មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ទាំងអស់ និង​មាន​សិស្ស​៦​នាក់​ផ្សេង​ទៀត​រង​របួស ។ ហេតុ​ការ​ខាងលើ​កើតឡើង​នៅ​ក្នុង​សាលារៀន​មួយ​ក្នុងស្រុក Ishkamish ស្ថិត​នៅ​ក្នុង​ខេត្ត​ Takhar​ ។ ហេតុ​ការ​ផ្ទុះ​គ្រាប់បែក​ខាងលើ​កើតឡើង​ក្រោយ​ពេល​មាន​ករណី​ផ្ទុះ​ពីរ​លើក​ផ្សេង​ទៀត​នៅ​ព្រះ​វិហារ ក្នុង​ទីក្រុង​កា​ប៊ុល ក្នុង​ខែមិថុនា​នេះ ។

តាម​ប្រភព​សារព័ត៌មាន​ខាងលើ ការ​បំផ្ទុះ​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​ពេល​រដ្ឋាភិបាល និង​ក្រុម​តា​លី​បង់ ត្រៀម​ត​ភ្ជាប់​កិច្ច​ពិភាក្សា​បញ្ចប់​អំពើ​ហិង្សា​ដែល​អូស​បន្លាយ​រយៈពេល​ជិត​២​ទសវត្សរ៍​កន្លង​មក ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Tareq Arian បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​មក​ក្រុម​តា​លី​បង់​បាន​វាយប្រហារ​ដល់​ទៅ​២២២​លើក ទៅ​លើ​ទីតាំង​នានា​របស់​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​៤២២​នាក់ ៕