បរទេស៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពវៀតណាមបានអាប់ដេតអាវុធរបស់ខ្លួនជាហូរហែទាំងខាងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ ក្នុងផ្នែកទ័ពជើងគោកនេះដែរ វៀតណាម បានធ្វើទំនើបកម្មកងរថក្រោះរបស់ខ្លួនសឹងតែទាំងស្រុង។ ចំពោះរថក្រោះប្រភេទ T54/55 ផលិតដោយសូវៀត (រុស្ស៊ី) ដែលខ្លួនមានស្រាប់នោះ វៀតណាមបានបំពាក់អាវុធថ្មីរួមមាន កាំភ្លើងធំប្រភេទ M68 105mm ដែលផលិតដោយអ៊ីស្រាអែល និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៀតផលិតដោយអេស្បាញ ហើយវៀតណាមបានដាក់ឈ្មោះវាថ្មីថារថក្រោះប្រភេទ T54/55M ដែលអក្សរ «M» សំដៅលើ«ទំនើបកម្ម (Modernized)»។ (បច្ចុប្បន្ន ទ័ពកម្ពុជាកំពុងប្រើរថក្រោះប្រភេទ T55)

ក្នុងអំឡុងពេលជាមួយគ្នានេះដែរ វៀតណាមក៏បានទិញចូលនូវរថក្រោះទំនើបថ្មីចំនួនមួយកងធំ។ នោះគឺរថក្រោះប្រភេទ T90 ដែលផលិតដោយរុស្ស៊ី ចំនួន ៦៤គ្រឿង ដែលបាននាំមកដល់វៀតណាមនៅឆ្នាំ២០១៨។ នៅក្នុងទ័ពវៀតណាម រថក្រោះប្រភេទ T90 នេះត្រូវបានប្រើដោយកងរថក្រោះ ២០១ (201st Tank Brigade) ។

រហូតមកដល់បច្ចុប្បន្ននេះ រថក្រោះប្រភេទ T90 និង T54/55M គឺជាប្រភេទរថក្រោះទំនើបបំផុតដែលវៀតណាមមានប្រើ។ ក្រៅពីនោះវៀតណាម ក៏មានរថក្រោះស៊េរីមុនមួយចំនួនទៀតដូចជា ប្រភេទ Type 90 ផលិតដោយចិន, ប្រភេទ T62, ប្រភេទ T62, ប្រភេទ PT-76B, និងប្រភេទ T-34/85 ដែលជារថក្រោះសម័យសង្គ្រាមលោកលើកទី២ ៕