បរទេស៖ បុរសជនជាតិឥណ្ឌាម្នាក់ បានក្បត់ចិត្តប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីផ្សេងម្នាក់ទៀត ប៉ុន្តែបើធ្វើការលែងលះជាមួយប្រពន្ធតាមផ្លូវច្បាប់ ទ្រព្យសម្បតិ្តទាំងប៉ុន្មានត្រូវបានលើនារីជាប្រពន្ធតែម្នាក់ឯង ពោលគឺរូបគេត្រូវចុះចេញតែខ្លួនទទេប៉ុណ្ណោះ ។ ហេតុដូច្នេះហើយ ទើបបុរសរូបនោះ ដេកគិតរកវិធីធ្វើយ៉ាងណាយកទ្រព្យសម្បត្តិទាំងនោះ ទីបំផុត បុរសឥណ្ឌានោះ បានសម្រេចចិត្តទៅទិញសត្វពស់វែក១ក្បាល ហើយមកបោះឲ្យចឹកសម្លាប់ប្រពន្ធ ខណៈដែលនាងកំពុងដេកលង់លក់ក្នុងដំណេក។

បុរសគម្រក់ដែលទិញសត្វពស់វែកមកបោះឲ្យចឹកសម្លាប់ប្រពន្ធនេះ មានឈ្មោះថា សូរាជ វ័យ២៧ឆ្នាំ មកពីទីប្រជុំជន Ancal ។ ចំណែក នារីរងគ្រោះជាប្រពន្ធ មានឈ្មោះថា អ៊ុតត្រា ។

ប៉ូលិសឥណ្ឌា បានឲ្យដឹងថា នៅដើមខែមីនាកន្លងទៅនេះ ជនសង្ស័យខាងលើ បានចំណាយប្រាក់ចំនួន៥០០០រ៉ូពី (ប្រមាណ៦៥ដុល្លារ) ទិញសត្វពស់វែក១ក្បាល យកមកលែងក្នុងផ្ទះ ឲ្យចឹកនារីជាប្រពន្ធ តែពេលនោះ នារីរងគ្រោះត្រូវគេបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យសង្រ្គោះទាន់ពេល និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញនៅថ្ងៃទី២២ ខែមេសា។ លុះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ប្តីគម្រក់ខាងលើ បានទៅទិញពស់វែក១ក្បាលទៀត យកមកបោះលើខ្លួនប្រពន្ធ ខណៈកំពុងដេកលង់លក់ បំណង់ឲ្យនារីជាប្រពន្ធស្លាប់ ដើម្បីបានទ្រព្យសម្បតិ្តទាំងយកទៅរៀបការជាមួយស្រីស្នេហ៍។ ទីបំផុត បំណងរបស់គេបានសម្រេច ដោយនារីជាប្រពន្ធត្រូវសត្វពស់វែកចឹកសម្លាប់នៅថ្ងៃទី០៧ ខែឧសភា។

ប្រភពបន្តថា ក្រោយកើតហេតុ ប៉ូលិសបានបើកការស៊ើបអង្កេតជុំវិញករណីនៃការស្លាប់នារីរងគ្រោះ ដោយយោងតាមប្រភពផ្សេងៗ និងតាមរយៈវីដេអូឃ្លីបលើទូរស័ព្ទដៃផង ទើបប៉ូលិសអាចបំបែកសំណុំរឿងនេះ ដោយចាប់ខ្លួនបុរសជាប្តីដែលជាអ្នករៀបគម្រោងការសម្លាប់ប្រពន្ធ ព្រោះចង់បានទ្រព្យសម្បត្តិទៅរៀបការជាមួយស្រីស្នេហ៍ ។ ចំណែក អ្នកលក់ពស់វែកទៅឲ្យជនសង្ស័យ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនដែរ ពីបទជួញដូរសត្វព្រៃខុសច្បាប់។
ជនសង្ស័យទាំង២នាក់ ត្រូវប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕