បរទេស៖ ប្រទេសវៀតណាម បានសម្លាប់សត្វជ្រូកជាង៤​​ ០០០ក្បាល​ ដែលបានឆ្លងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក នៅក្នុងឆ្នាំនេះ បន្ទាប់ពីជំងឺនេះត្រូវបានគេផ្សព្វផ្សាយថាមិនអាចព្យាបាលបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងកសិកម្ មនិងអភិវឌ្ឍន៍ជនបទ​ បាននិយាយថា ជំងឺនេះបានរាលដាលដល់ ១៥៥ឃុំ នៅទីក្រុងហាណូយ និងខេត្តចំនួន១៩ ហើយវាត្រូវបានគេសន្និដ្ឋានថាហានិភ័យនៃការរាលដាលក្នុងទ្រង់ទ្រាយធំគឺខ្ពស់ខ្លាំងណាស់។

ក្រសួងបានស្តីបន្ទោសការកើតឡើងដដែលៗចំពោះកសិករតូចតាចមួយចំនួនដែលទិញជ្រូកបង្កាត់ពូជដែលមិនស្គាល់កសិដ្ឋានចិញ្ចឹមជ្រូកច្បាស់លាស់ ហើយមិនបានធានាអនាម័យ និងកង្វះវិធានការជីវសាស្ត្រ។

ក្រៅពីនេះកសិករខ្លះមិនបានជូនដំណឹងទៅមន្រ្តីពេទ្យសត្វនៅពេលជ្រូករបស់ពួកគេបង្ហាញសញ្ញានៃការឆ្លង ​​ផ្ទុយទៅវិញពួកគេបែរជាជ្រូកទាំងនោះទៅលក់ឱ្យមនុស្សបរិភោគ។ ក្រសួងបាននិយាយថា កង្វះបុគ្គលិកពេទ្យសត្វក៏ត្រូវបានស្តីបន្ទោសចំពោះការខកខានក្នុងការស្ទង់មតិនិងការរកឃើញទាន់ពេលវេលា។

ជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិក ត្រូវបានគេរកឃើញដំបូងនៅប្រទេសវៀតណាមក្នុងខែកុម្ភៈ​​ ឆ្នាំ២០១៩ ហើយវាបានរាលដាលដល់ទីក្រុង​​ និងខេត្តទាំងអស់ចំនួន៦៣ ក្នុងរយៈពេល៧ខែ ដោយបង្ខំឲ្យអាជ្ញាធរសម្លាប់ជ្រូកប្រហែល៦លានក្បាល ឬ២០ភាគរយនៃចំនួនជ្រូកសរុបទូទាំងប្រទេស។

គួរជម្រាបថា ប្រទេសវៀតណាម មានចំនួនជ្រូកច្រើនបំផុតទី៧ នៅលើពិភពលោកនិងជាអ្នកផលិតសាច់ជ្រូកធំជាងគេទី ៦។ នេះបើយោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ សាច់ជ្រូកមានចំនួន៧០ ភាគរយនៃអាហារវៀតណាមជាមធ្យម។

បច្ចុប្បន្នក្រសួងកសិកម្ម​ និងអភិវឌ្ឍន៍ជនបទ កំពុងពិភាក្សាសហការជាមួយសមភាគីសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ ៕