បរទេស៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ លោក សាគុសសក្កដាអូ អតីតអភិបាលក្រុងប៉ាល់សេសា ស្រុកស៊ូសៃ ខេត្តណារ៉ាធីវ៉ាត់ រួមជាមួយលោកអភិបាលក្រុងថ្មី បានរួមគ្នាបរិច្ចាគទឹកប្រាក់ចំនួន២០ម៉ឺនបាត ដើម្បីធ្វើការចែកជូនដល់អ្នករត់ម៉ូតូឌុបចំនួន១០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន 77kaoded

ការចែកប្រាក់ព្រមទាំងស្បៀងអាហារមួយចំនួនត្រូវបានធ្វើឡើងនៅនៅអគារសួនច្បារសាធារណ Ruen Arun ដែលក្រុមម៉ូតូឌុបទាំងអស់នោះបានធ្វើដំណើរជុំគ្នា  មកពីគ្រប់បណ្ដាស្រុកទាំងអស់ ដែលស្ថិតនៅក្នុងខេត្តណារ៉ាធីវ៉ាត់។

ជាមួយគ្នានេះការចែករំលែកនេះនូវប្រាក់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជួយសម្រួល ក៏ដូចជាកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋរត់ម៉ូតូឌុបក្នុងស្រុកទាំងអស់ ដែលរងគ្រោះដោយសារវីរុសរាតត្បាត COVID-19 អស់រយៈពេលជាង២ខែ កន្លងមកនេះ។

យោងតាមពាក្យសម្ដីរបស់លោកអភិបាលក្រុងថ្មីបានឲ្យដឹងថា ក្រុមម៉ូតូឌុបទាំងអស់ភាគច្រើនពួកគាត់ឌុបអតិថិជននៅតាមសណ្ឋាគារផ្សេង និងនៅតាមតំបន់ទេសចរណ៌ផ្សេងៗក្នុងស្រុក ប៉ុន្តែរយៈពេល២ខែនេះដោយសារតែ COVID-19​ វាយលុកបានធ្វើឲ្យវិស័យទេសចរមានការធ្លាក់ចុះ ដូច្នេះជាហេតុធ្វើឲ្យពួកគេមិនអាចរកចំនូលបាន។ ម្យ៉ាងទៀតទោះបីពួកគេទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលចំនួន៥ពាន់បាត ក្នុងមនុស្សម្នាក់ក៏ដោយក៏មិនគ្រប់សម្រាប់ពួកគាត់ចាយវាយឡើយ ដូច្នេះហើយទើបពួកយើងផ្ដួចផ្ដើមបរិច្ចាគទឹកប្រាក់បន្តិចបន្តួចជូនពួកគាត់ ដើម្បីដោះទាល់បានមួយពេល ៕