រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នៅ​ផលិតកម្ម​រ៉ុ​ក អ្នក​នាង ម៉ូ​លី​កា បាន​ចេញ​សន្លឹក​រូបថត​ស្ទីល​ពពោះ សារ​ជា​ថ្មី​ម្តងទៀត ដោយ​នាង និង​ស្វាមី បាន​តុបតែង​បែប​ឈុត​បុរាណ​ថត​នៅ​តាម​ទេសភាព​បឹង​ឈូក​។ នេះ​ជា​ឈុត​ទាក់ទាញ ហើយ​កាន់តែ​ធ្វើ​ឲ្យ​គេ​មើលឃើញ​ថា ថៅកែ​ហាង​ខូ​ស្មិ​ច​ទិច​រូប​នេះ ពិតជា​មាន​សេចក្តីសុខ បាន​ប្តី​ថ្នមចិត្ត​ ។

ម៉ូ​លី​កា និង​ស្វាមី​លោក ហុង មា​នុ​ណ ហៅ​ឆា​នុ​ន បាន​ដឹក​ដៃ​គ្នា​ទៅ​ក្រេប​យក​រសជាតិ ទេសភាព​នៅ​ស្រុកស្រែ តាម​រយៈ​ការ​គ្រង​ឈុត​បុរាណ​ដ៏​គូរ​ឲ្យ​ទាក់ទាញ អប​ដោយ​ក្លិន​ដ៏​ក្រអូប​ឈ្ងុយ​ឈ្ងប់​ផ្កាឈូក នៅ​បឹង​ព័ទ្ធ​ជុំវិញ​ដែល​នាង និង​ស្វាមី​បាន​ជ្រើស​យក​កន្លែង​ថត រូប​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​។

ម៉ូ​លី​កា បាន​ដាក់​ឈ្មោះ​ឲ្យ​កូនស្រី​របស់​នាង មុន​សម្រាល​ថា នុ​ន ចន្ទ​ម៉ូ​នី​តា ជាមួយ​ការ​វាចារ​សារ​ថា «​ស្រឡាញ់​ទេសភាព​ស្រុកស្រែ​ណាស់ ឡើង​ស្រស់ស្រាយ​តែ​ម្ដង Mummy &Daddy នាំ​កូន​ម៉ូ​នី​តា មក​ប្ដូរ​បរិយាកាស​ម្ដង​»​។ ដោយឡែក​លោក មា​នុ​ណ ជា​ស្វាមី​របស់​នាង​វិញ បង្ហាញ​កាយវិការ​តក់ក្រហល់​ចង់​ឃើញ​មុខ​កូនស្រី របស់​លោក​យ៉ាង​អន្ទះសារ ដោយ​ជា​ញឹកញាប់​លោក បាន​អោប​ថើប​ផ្ទៃពោះ​ភរិយា ក៏​ដូច​បាន​អោប​ថើប​ថ្ពាល់​កូនស្រី​ដែរ​។

នៅ​មិន​ដល់​២​ខែ​ទៀត​ទេ ម៉ូ​លី​កា នឹង​បានឃើញ​មុខ​កូនស្រី​របស់​នាង ។ ម៉ូ​លី​កា ថៅកែ​ស្រី​ហាង​អិន​ខេ ម៉ូ​លី​កា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក បាន​រៀប​ការ​ជាមួយ​តារា​សម្ដែង ហុង មា​នុ​ណ ហៅ​ឆា​នុ​ន កាលពី​ថ្ងៃ​ទី​១៨ ខែមករា​ឆ្នាំ​២០២០ ដែល​គូស្នេហ៍​តារា​១​គូ​នេះ​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ ព្រោះតែ​រៀបចំ​ពិធី​មង្គល​យ៉ាង​ប្រណិត ចំណាយ​លុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ ខណៈ​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ប្រវត្តិ​ស្នេហ៍​កម្សត់កម្រ ជាមួយ​គ្នា​ជាង​៣​ឆ្នាំ​៕