បរទេស៖​ អ្នកនាំពាក្យតុលាការអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ថាគូស្វាមីភរិយាអ៊ីរ៉ង់មួយគូ ត្រូវបានតុលាការប្រឆាំងអំពើពុករលួយកាត់ទោសប្រហារជីវិតពីបទលួចបន្លំរូបិយវត្ថុ និងលាងលុយកខ្វក់២០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយភ្នាក់ងារសារព័ត៌មាន Reuters

លោក Gholamhossein Esmaili បានឲ្យដឹងថា ករណីរបស់ពួកគេមិនត្រូវបានផ្តល់ឋានៈខ្ពស់នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ទេ។ ប្តីប្រពន្ធដែលមាន លោក Najva Lasheidaei និង នាង Vahid Behzadi ត្រូវបានគេអះអាងថា ពួកគេត្រូវបានចោទប្រកាន់ពីបទរំខានដល់ការដោះដូររូបិយប័ណ្ណរបស់សាធារណរដ្ឋអ៊ីស្លាម និងទីផ្សារមាស រត់ពន្ធលុយកខ្វក់ ប្រមាណជា២០០លានដុល្លារ ។ អាជ្ញាធរបានរឹបអូសមាសប្រមាណ១០០គីឡូក្រាម និងកាក់មាសជាង២៤ ៧០០កាក់ត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់ប្តីប្រពន្ធមួយគូនេះ។

តុលាការក៏បាន និយាយផងដែរថា ប្តីប្រពន្ធមួយគូនេះ ថែមទាំងបានបញ្ជា ទិញរថយន្តប្រមាណជា ៦៧០០គ្រឿង រួចមកហើយកាលពីពេលកន្លងមក ពីក្រុមហ៊ុនផលិតរថយន្តធំ របស់ប្រទេសគឺSaipa ។ ទំនាក់ទំនងជាមួយក្រុមហ៊ុនSaipaនេះ ក៏បានធ្វើឲ្យតុលាការឈាន ទៅដល់ការដាក់ទោស ប្រាំឆ្នាំសម្រាប់មេធាវី២រូប និង៧ឆ្នាំ សម្រាប់ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនមួយរូបផងដែរ។

គួរជម្រាបថា ជាមួយ នឹងសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន ដោយសារផលប៉ះពាល់នៃការដាក់ទណ្ឌកម្ម និងការរីករាលដាលនៃវីរុស COVID-19 ប្រព័ន្ធតុលាការដ៏តឹងរ៉ឹងរបស់អ៊ីរ៉ង់បាននិងកំពុងធ្វើយុទ្ធនាការប្រឆាំង នឹងអំពើពុករលួយនៅកម្រិតរដ្ឋ ព្រមទាំឯកជនដែលពួកគេនិយាយថា អំពើពុករលួយ ក៏ដូចជាការលាងលុយកខ្វក់ កំពុងថមថយភាពរីកចម្រើនដល់ប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតុលាការបានដាក់ពន្ធនាគារមន្ត្រីជាច្រើននាក់ រួមទាំងបងប្រុសរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ពីបទឧក្រិដ្ឋហិរញ្ញវត្ថុ។

ក្រុមអ្នករិះគន់ hardline និយាយថា អំពើពុករលួយរបស់រដ្ឋបានកើនឡើងដល់កម្រិតមួយដ៏អស្ចារ្យចាប់តាំងពីអ្នកនយោបាយ Hassan Rouhani ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ២០១៣ ៕