ខេត្តព្រះសីហនុ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារទំនើប DARUNFA , ផ្សារទំនើប ORANGE, ផ្សារទំនើបសាម៉ូដឺរ៉ា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមមានដូចជា៖ បង្គា មឹក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រនោះទេ។ តែបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាល បរិច្ឆទប្រើប្រាស់ រួមមាន៖ ប៉ាតេកំប៉ុង ចំនួន ១៥ កំប៉ុង ស្មើនឹង ៤៥ គីឡូក្រាម, សាច់ត្រី ចំនួន ៥៥ កញ្ចប់ ស្មើនឹង ១១០ គីឡូក្រាម, ផ្សិតម្ជុល ចំនួន ០៨ កញ្ចប់ ស្មើនឹង ២០ គីឡូក្រាម, នំដំណើប ចំនួន ៣២ កញ្ចប់ ស្មើនឹង ៤៨ គីឡូក្រាម, សរុបទំនិញដកហូតបានចំនួន ២២៣ គីឡូក្រាម។

បន្ទាប់មកមន្ត្រីបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះ មុខច្បាប់ថែមទៀត៕