រាជធានីភ្នំពេញ៖ ព្រះចៅអធិការវត្តឥណ្ឌូកម្ពុជាធម្មនិរមិត ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ បានបាត់ធម៌ខន្តីលែងមានចិត្តសន្តោសប្រណីដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានជួលជាងឲ្យធ្វើរបងបិទផ្លូវមុខផ្ទះប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរចេញចូលបានដូចដើម ទោះជាភាគីពលរដ្ឋសុំធ្វើការសម្របសម្រួលយ៉ាងណាក្តី ក៏ភាគីព្រះសង្ឃដែលពលរដ្ឋចាត់ទុកថាជាស្រែបុណ្យនោះ មិនព្រមបើកផ្លូវវិញជាដាច់ខាត។

ម្ចាស់ផ្ទះដែលព្រះសង្ឃធ្វើរបងបិទផ្លូវ និងប្រជាពលរដ្ឋ រស់នៅទីនោះ បានឲ្យដឹងថា ព្រះចៅអធិការវត្តឥណ្ឌូកម្ពុជាធម្មនិរមិត ពិតជាបានធ្វើរបងបិទមុខផ្ទះប្រជាពលរដ្ឋពិតប្រាកដមែន។ តាមពិតផ្លូវនោះ ជាផ្លូវសាធារណៈសម្រាប់ពលរដ្ឋធ្វើដំណើរជាយូរណាស់មកហើយ មិនគួរណា ព្រះចៅអធិការវត្តឥណ្ឌូកម្ពុជាធម្មនិរមិត ខ្វះព្រះទ័យមេត្តាចំពោះពុទ្ធបរិស័ទចំណុះជើងវត្តបែបនេះសោះ។

ប្រភពបន្តថា កន្លងមក ពុទ្ធបរិស័ទជាម្ចាស់ផ្ទះបានស្នើសុំព្រះគ្រូចៅអធិការវត្តឥណ្ឌូកម្ពុជាធម្មនិរមិត កុំធ្វើរបងបិទផ្លូវបែបនេះ ដើម្បីឲ្យភាគីម្ចាស់ផ្ទះអាចធ្វើដំណើរចេញចូលផ្ទះបានផង ប៉ុន្តែព្រះគ្រូចៅអធិការវត្តខាងនៅមិនព្រមបើកផ្លូវនោះទេ តើពាក្យថា ព្រះសង្ឃជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ នៅឯណា? បើគ្រាន់តែផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋដើរសោះ ក៏ព្រះគ្រូចៅអធិការវត្តឥណ្ឌូកម្ពុជាធម្មនិរមិត ធ្វើរបងបិទផ្លូវដែរ។

ពលរដ្ឋជាម្ចាស់ផ្ទះ បញ្ជាក់ថា កាលពីមុន ផ្ទះគាត់មានផ្លូវសម្រាប់ចេញចូល លុះពេលគាត់សាងសង់ផ្ទះថ្មីជិតរួចរាល់ ស្រាប់តែព្រះចៅអធិការវត្តឥណ្ឌូកម្ពុជាធម្មនិរមិត មកធ្វើរបងបិទមុខផ្ទះគាត់មិនឲ្យចេញចូលបានទៅវិញ ចំណែកផ្ទះពលរដ្ឋផ្សេងទៀត ព្រះចៅអធិការអង្គនេះ មិនធ្វើរបងបិទផ្លូវទេ ដែលចំណុចនេះ វាហាក់បីដូចជាអយុត្តិធម៌សម្រាប់គាត់ណាស់ ហើយគាត់ក៏បានជូនដំណឹងទៅអាជ្ញារធមូលដ្ឋានដែលជាម៉ែឪរបស់ប្រជាពលរដ្ឋ ជួយរកដំណោះស្រាយដែរ តែស្ងាត់ឈឹងដូចចោរលួចសេះ។

ពលរដ្ឋជាម្ចាស់ផ្ទះ បានអះអាងថា បើព្រះគ្រូចៅអធិការវត្តឥណ្ឌូកម្ពុជាធម្មនិរមិត ឈប់ធ្វើរបងបិទផ្លូវមុខផ្ទះគាត់ ព្រមបើកផ្លូវឲ្យគាត់ធ្វើដំណើរចេញចូលបានដូចដើម ។ គាត់ធានាថានឹងធ្វើផ្លូវនេះឲ្យបានស្អាត ដោយចាក់បេតុងតាំងពីផ្លូវចូលរហូតដល់មុខផ្ទះគាត់ មិនឲ្យព្រះគ្រូវត្តឥណ្ឌូកម្ពុជាធម្មនិរមិត ពិបាកក្នុងការរកបច្ច័យមកធ្វើផ្លូវនេះទេ ដើម្បីបង្កការងាយស្រួលទាំងអស់គ្នា ហើយបើបន្តការខ្វែងគំនិតគ្នាបែបនេះ វាមិនមានផលល្អទេ ។

ជុំវិញនឹងករណីខាងលើនេះ «KBN» មិនទាន់សុំការបំភ្លឺពីព្រះគ្រូចៅអធិការវត្តឥណ្ឌូកម្ពុជាធម្មនិរមិត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕