ខេត្តឧត្ដរមានជ័យ ៖ ក្មេងបុរសអភ័ព្វម្នាក់ ត្រូវឪចុងចិត្តកំណាចចាប់កាច់បំបាក់ដៃជើងចោលគ្មានអាសូរ បណ្តាលឲ្យរងរបួសយ៉ាងទម្ងន់ លុះនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួនជនដៃដល់ នាំមកចាត់ការតាមផ្លូវច្បាប់ ។

លោកម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅនាំខ្លួន ឈ្មោះធួន ផាណា មកសាកសួរពាក់ព័ន្ធនឹងករណីកាច់ដៃកាច់ជើងកុមារម្នាក់ នៅក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ។

សូមបញ្ជាក់ ការឃាត់ខ្លួនជនសង្ស័យឈ្មោះធួន ផាណា នេះ បានធ្វើឡើង ក្រោយពីជននេះបានកាច់ដៃកាច់ជើងកូនចុងរបស់ខ្លួនដែលមានអាយុមិនទាន់បាន១ឆ្នាំ។ ក្រោយកើតហេតុ ម្ដាយកុមាររងគ្រោះបាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍។

ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕