ខេត្តកំពង់ចាម ៖ សពប្រជាពលរដ្ឋ៣នាក់ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់ទូកដឹកអ្នកមកពីស៊ីការ១១នាក់ បុកជាមួយទូកអូសយ៉ាំងកាវ នៅកណ្តាលទន្លេមេគង្គ កាលពីម្សិលម្ង៉ៃនោះ ត្រូវបានរកឃើញសាកសពម្នាក់ហើយ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។

សាកសពដែលបានរកឃើញ ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម។​ សពជនរងគ្រោះ ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

មកដល់រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះចំនួន២នាក់ទៀត និងទូកដែលលិចបាត់កណ្តាលទន្លេនោះនៅមិនទាន់បានរកឃើញនៅឡើយទេ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០យប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះថ្នាក់ រវាងទូកនេសាទអូសយ៉ាំងកាវ បុកជាមួយនឹងទូករបស់ប្រជាពលរដ្ឋ១១នាក់ ដែលបានធ្វើដំណើរឆ្លងទន្លេមេគង្គ មកពីចូលរួមពិធីមង្គលការមួយ នៅឃុំរំចេកត្រើយម្ខាង ក្នុងគោលដៅវិលត្រឡប់មកលំនៅដ្ឋានវិញ នៅកំពង់ក្បាលកោះជ័យ ភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម បណ្ដាលឱ្យលិចទូករបស់ប្រជាពលរដ្ឋ និងបាត់ខ្លួនមនុស្ស៣នាក់ និងម្នាក់ទៀតរងរបួស។

ជនរងគ្រោះទាំង០៣នាក់ រួមមានទី១៖ ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទី២ ទី២៖ ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិទី២ ទី៣៖ ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិទី២ ។ ដោយឡែកឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិទី២ បានរងរបួស។

ក្រោយពេលកើតហេតុ ភាគីខាងទូកនេសាទអូសយ៉ាំងកាវ បានរត់គេចខ្លួនបាត់៕