រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​) ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​ទាំង​០២​នាក់​មាន​ទី​១ ឈ្មោះ ឆៃ ប៊ុ​ន​ឈឿ​ន អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ទីលំនៅ​បច្ចុប្បន្ន ភូមិ​សំរោង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​និង​ទី​២ ឈ្មោះ រី មីន អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១១៧២ ផ្លូវ​ឯកឧត្តម ជា សុ​ផា​រ៉ា សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ។​

​សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ឧសភា ២០២០ នៅ​ចំណុច​ផ្លូវ​ព្រះ​មុន្នី​វង្ស កែង​ផ្លូវ​១១០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជនសង្ស័យ​និង​បក្ខពួក​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទៅ​លើ​ជនជាតិ​ចិន ចំនួន​០៤​នាក់​កំពុង​ដើរ ប៉ុន្តែ​មិន​បាន​សម្រេច ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោ​រ​ឡោ ឡើង​បង្ក​ការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ កំពុង​ជិះ​ល្បាត ភ្លាម​ៗ​នោះ​ជន​ស្ស័​យ​ក៏​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន ត្រូវ​បាន​កម្លាំង​ល្បាត​ជួយ​អន្តរាគមន៍​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច ម៉ូ​ឌែ​ន​ប្រាំ ក្នុង​ខណ្ឌឫស្សីកែវ ពួក​គេ​បាន​ផ្តួល​ម៉ូតូ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​បាន​តែ​ម្តង ចំណែក​បក្ខពួក​ចំនួន ០៣​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​៕