ខេត្តរតនគិរី៖ ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នង ត្រូវបានប្រជាពលរដ្ឋចំនួន៧៥នាក់ លើកគ្នាសម្រុកទៅដុតបំផ្លាញចោលឆេះខ្ទេចខ្ទីអស់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨,៤០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចអូរឡាប៉ង ស្ថិតក្នុងភូមិតាបូក ឃុំតាវែង លើស្រុកតាវែង ។

បើតាមរបាយការណ៍របស់លោក ស៊ូ វណ្ណធិនអភិបាលស្រុកតាវែង បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងឧទ្យានុរក្ស សហការជាមួយកម្លាំងអធិការនគរបាលស្រុកតាវែង និងកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលឃុំតាវែងលើ ចុះទៅពិនិត្យទីតាំងប្រជាពលរដ្ឋកាប់ដីចំការក្នុងតំបន់ច្រករបៀង ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋដែលបានរុករានដីព្រៃនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ដែលកន្លងមកធ្លាប់បានធ្វើការអប់រំណែនាំ ហើយប្រជាពលរដ្ឋទាំងនោះបានធ្វើកិច្ចសន្យាថាពួកគាត់មិនកាប់រានតទៅទៀតឡើយ ហើយពួកគាត់នឹងរុះរើខ្ទមរបស់ពួកគាត់ទាំងអស់ចេញពីតំបន់អភិរក្សនេះ។

ប៉ុន្តែនៅពេលដែលក្រុមឧទ្យានុរក្សចុះទៅពិនិត្យមើលម្តងទៀត ឃើញខ្ទមទាំងនោះមិនបានរុះរើ ឯម្ចាស់ខ្ទមក៏មិននៅ ក្រុមការងារឧទ្យានុរក្សក៏ដុតខ្ទមចាំចំការធ្វើអំពីឈើប្រក់តង់កៅស៊ូអស់ចំនួន២ខ្ទម ។ចំណែកខ្ទម២ទៀតមានម្ចាស់នៅ ក្រុមការងារក៏បានប្រាប់ឲ្យម្ចាស់ខ្ទមចំការរុះរើដោយខ្លួនឯង ព្រមទាំងដកហូតរណារយន្តពីប្រជាពលរដ្ឋដែលកំពុងអារឈើធ្វើខ្ទមចំនួន០២គ្រឿង យកមករក្សាទុកនៅទីស្នាក់ការ ឧទ្យានជាតិវីរៈជ័យស្រុកតាវែង ផងដែរ។

របាយការណ៍ដដែលបានបន្តថា ដោយសារតែមានគំនុំគុំគួនជាមួយមន្ត្រីឧទ្យាននុរក្ស ទើបពួកគេគៀរគរគ្នាជិត៧៥នាក់ មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យ នោះចោលតែម្តង។

សម្ភារៈខូចខាតរួមមាន៖ អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹក។

ទាក់ទងនឹងសកម្មភាពប្រជាពលរដ្ឋលើកគ្នាមកដុតបំផ្លាញទីស្នាក់ការចោលខាងលើនេះ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឲ្យដឹងថា ពួកអ្នកដែលលើកគ្នាមកដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ត្រូវតែប្រឈមមុខចំពោះមុខច្បាប់។ ពេលនេះសមត្ថកិច្ចបានកំណត់មុខសញ្ញាមេខ្លោងបានហើយ និងកំពុងរៀបចំឯកសារបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់៕