រាជធានីភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានដល់ស្នងការ និងស្នងការរង និងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ចំនួន៥រូប ជុំវិញការធ្វេសប្រហែសលើការងារ។ នេះបើតាមលិខិតព្រមានលើកទី១ របស់សម្ដេច ស ខេង ដែលចេញ កាលពីថ្ងៃទី២៦ មីនា ហើយទើបបែកធ្លាយពេលនេះ។

មន្ដ្រីនគរបាលដែលរងការព្រមាន រួមមាន ៖ ទី១-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។ ទី២-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរងទទួលផែនការងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ មូលហេតុធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ។ ទី៣- ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ។ ទី៤-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ។ និងទី៥-ព្រមានលើកទី១ ចំពោះវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុធ្វេសប្រហែល ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅក្នុងលិខិតដដែលថា សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវកែប្រែនូវកំហុសឆ្គង និងរបៀបរបបការងារដឹកនាំឱ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ៕