រាជធានីភ្នំពេញ៖ អ្នកវិទ្យាសាស្រ្តបានអះអាងអំពីការរកឃើញជាថ្មីនូវប្រភេទខ្យងកម្រមួយប្រភេទ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍នៅក្នុងព្រឹត្តិប័ត្រព័ត៌មាន ប្រវត្តិធម្មជាតិនៃកម្ពុជា (Cambodian Journal of Natural History) ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ។

ប្រភពដដែលបានអះអាងថា ខ្យងកម្រមួយប្រភេទនេះ វាមានឈ្មោះវិទ្យាសាស្រ្តថា Bertia cambojiensis ដែលអាចត្រូវគេហៅថា ខ្យងដីយក្ស ។

ប្រភពបានបន្តទៀតថា ខ្យងមួយប្រភេទនេះ ត្រូវបានកត់ត្រាដំបូងនៅក្នុងប្រទេសកម្ពុជា តាំងតែពីឆ្នាំ១៨៦០ ដោយអ្នកវិទ្យាសាស្រ្តបរទេស ហើយបច្ចុប្បន្នត្រូវបានគេកត់ត្រានៅក្នុងបញ្ជីនៃសត្វ ដែលជិតផុតពូជ ប៉ុន្តែគេបានរកឃើញវត្តមានរបស់វាជាថ្មីនៅអូរាំង ខេត្តមណ្ឌលគីរី ។កន្លែងដែលរកឃើញវត្តមាននៃសត្វខ្យងកម្រប្រភេទនេះ គឺជាផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ដែលគេដឹងថា គឺជាកន្លែងអភិរក្សធម្មជាតិ ដែលត្រូវបានប្រកាសដោយរាជរដ្ឋាភិបាល ជាពិសេសគឺក្រសួងបរិស្ថានកាលពីឆ្នាំ២០១៦៕