ខេត្តឧត្តរមានជ័យ ៖ មន្ត្រីយោធាម្នាក់ បានយកកាំភ្លើងអាកាបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន និងប្រពន្ធរបស់មន្ត្រីយោធាម្នាក់ទៀត គ្មានញញើតដៃ រួចរត់គេចខ្លួនបាត់ ដោយស្ពាយកាំភ្លើងអាកាទៅជាមួយ រួមទាំងគ្រាប់១២០គ្រាប់ផងដែរ។

មន្ត្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធមន្ត្រីយោធាម្នាក់ទៀតនេះ មានឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ ។

យោងតាមសេចក្តីជូនដំណឹងរបស់លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា មានមន្ត្រីយោធាឈ្មោះ សឿន កាន់ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។

ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់។
អាស្រ័យដូចបានជម្រាបដំណឹងខាងលើ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចពាក់ព័ន្ធ បើបានឃើញមុខជននេះ នៅកន្លែងណា សូមធ្វើការឃាត់ខ្លួនជាបន្ទាន់៕