ភ្នំពេញ៖ សមត្ថកិច្ចកំពុងល្បាត ឃើញភ្លើងពិលទូរស័ព្ទផ្លុងៗនៅក្នុងរថយន្តមួយគ្រឿងនៅកៀនព្រៃជិតរបងរោងចក្រ ក៏ចុះទៅមើល ស្រាប់តែឃើញជនសង្ស័យចំនួន២ រត់ចេញពីរថយន្តនោះ គេចខ្លួនបាត់ ។
ពេលនោះ ក៏មានក្រុមអ្នកសារព័ត៌មានជាច្រើននាក់ មកធ្វើការឡាយ ស្រាប់តែជនរងគ្រោះជាម្ចាស់រថយន្ត ឃើញតាមរយៈការឡាយនោះ ក៏បានមកមើលផ្ទាល់ ទើបដឹងថាជារថយន្តរបស់ខ្លួនពិតប្រាកដមែន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅខាងក្រោយផ្សារឯករាជ្យ១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ កាន គឹមទី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់គុយទាវ រស់នៅក្នុងបុរីឡុងនី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តដែលជនសង្ស័យលួចមិនបានសម្រេចនោះ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2R-7217។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ បានចេញល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញរថយន្តខាងលើ ទុកកៀនព្រៃជិតរបងរោងចក្រមួយកន្លែង ខាងក្រោយផ្សារឯករាជ្យ១ ។ ដោយឃើញក្នុងរថយន្ត មានភ្លើងពិលទូរសព្ទផ្លុងៗ ក៏ចុះទៅមើល ស្រាប់តែឃើញជនសង្ស័យចំនួន២ បានរត់ចេញពីក្នុងរថយន្ត ធ្វើឲ្យមានការសង្ស័យ ទើបដើរមកពិនិត្យរថយន្ត ឃើញសម្ភារៈមួយចំនួន ដូចជាអត្តសញ្ញាណប័ណ្ណនិងកាតធនាគារនៅក្រោមរថយន្ត ហើយនៅក្នុងរថយន្តត្រូវបានជនសង្ស័យរុះរើកកាយរបស់របរ រាយរប៉ាត់រប៉ាយ ទើបដឹងថារថយន្ដខាងលើ ត្រូវជនសង្ស័យលួចប្តូរផ្លាកលេខភ្នំពេញ 2R-7217 ដាក់ផ្លាកលេខ ភ្នំពេញ 2BD-9025 វិញម្ដង។

ភ្លាមៗនោះ ក៏មានក្រុមអ្នកសារព័ត៌មានជាច្រើននាក់ នាំគ្នាមកធ្វើការឡាយផ្ទាល់ ស្រាប់តែជនរងគ្រោះឃើញរថយន្តខ្លួន តាមរយៈការឡាយនោះ ក៏បានមកមើល ទើបដឹងថាជារថយន្តរបស់គាត់ពិតប្រាកដមែន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានយករថយន្តខាងលើទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលចោមចៅទី១សិន រង់ចាំម្ចាស់រថយន្តខាងលើ យកឯកសារសម្គាល់រថយន្តមកផ្ទៀងផ្ទាត់ ទើបសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ៕