តេ​អ៊ី​រ៉​ង់ ៖ នាវាចម្បាំង​អ៊ី​រ៉​ង់​មួយ​គ្រឿង ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​មួយ​ផ្សេង​ទៀត ដោយ​ចៃដន្យ ក្នុងអំឡុងពេល​ធ្វើ​សមយុទ្ធ​មួយ ដោយ​បាន​ផ្ដាច់ជីវិត​នាវិក​ចំនួន ១៩​នាក់ និង ១៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មានចិនស៊ីនហួរ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១០ ឧសភា ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅ​ក្នុង​ដែនទឹក​របស់​ប្រទេស នៅ​ជិត​កំពង់​ផែ Jask នៃ​ឈូង​សមុទ្រ​អូ​ម៉​ង់ ភាគ​ខាងត្បូង​របស់​អ៊ី​រ៉​ង់ ដែល​ជាទី​តាំងធ្វើ​សមយុទ្ធ​ប្រចាំ​របស់​អ៊ី​រ៉​ង់ ។

គ្រាប់​មី​ស៊ី​ល​បាន​បាញ់​ចេញពី​នាវា​មួយ ក្នុង​ចំណោម​នាវា​ហ្វឹកហាត់ ដោយសារ​តែ​នៅ​កៀក​នឹង​គ្នា​ជ្រុល ទើប​បណ្ដាល​ឱ្យ​ធ្លាក់​គ្រាប់​ត្រូវ ។ បើ​តាម​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​នាវា Konarak ដែល​ត្រូវ​គ្រាប់​នោះ ក៏​មាន​ផ្ទុក​មី​ស៊ី​ល​ចំនួន​៤​គ្រាប់ ។

បច្ចុប្បន្ន អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ នាវា​ដែល​ត្រូវ​គ្រាប់​មី​ស៊ី​ល ត្រូវ​បាន​គេ​អូស​សណ្តោង​យក​ទៅ​ពិនិត្យ​លើគោក ហើយ​កងទ័ព​អ៊ី​រ៉​ង់​បាន​អំពាវនាវ សុំ​កុំ​ឲ្យ ប្រឌិត​ពាក្យ​ចចាមអារ៉ាម​ខុស​ការ​ពិត ទាក់ទិន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​អ​ចេតនា​(​ច្រឡំ​)​នេះ ។

(​ច្រឡំ​)​នេះ កន្លង​មក​តាម​កាត​កត់សម្គាល់​ពី​ភាព​ធ្វេសប្រហែស​របស់​កងទ័ព​អ៊ី​រ៉​ង់ ដូច​ជា​អំឡុង​ខែមករា កងទ័ព​អ៊ី​រ៉​ង់ បាន​បាញ់​ច្រឡំ ដោយ​កម្ទេច​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង របស់​ក្រុមហ៊ុន​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ចំនួន​១៧៦​នាក់ ផង​ដែរ ៕