សៀមរាប៖ ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ១១៨៦។

នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។ នេះបើតាមសំណេរលើហ្វេសប៊ុកក្រសួងទេសចរណ៍។

នាពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។

គេក៏បានធ្វើកំណាយរកឃើញចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕