ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ម្នាក់​ជា​មនុស្ស​គរ ត្រូវ​បាន​ជន​មួយ​ក្រុម ជា​អ្នក​ស្គាល់​ដែល​ធ្វើការ​ជាមួយ​គ្នា បបួល​ផឹកស៊ី បង្ខំ​រហូត​ស្រវឹង​ខ្លាំង រួច​ក៏​ធ្វើ​សកម្មភាព​វាយ​ប្លន់​សម្លាប់​យក​ម៉ូតូ និង​ខ្សែ​ក ថែម​ទាំង​គាស់​យក​ធ្មេញ​មាស​របស់​ជន​រង​គ្រោះ​ទៀត​ផង ។

ហេតុការណ៍​វាយ​ប្លន់​យ៉ាងព្រៃផ្សៃ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ មេសា ​២០២០ នៅក្នុងភូមិ​អូរ​តា​គល់ ឃុំ​ឫស្សីស្រុក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​ខេត្ដបន្ទាយមានជ័យ បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​គ រស់នៅ​ភូមិ​អូ​អាកុល ឃុំ​ឬ​ស្សី​ស្រុក ស្រុក​មង្គលបុរី ។ ចំណែកឯ​ក្រុម​ជនល្មើស​ចំនួន ៥​នាក់ (​ស្រី​ម្នាក់​) រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

លោកស្នងការ​ខេត្ដបន្ទាយមានជ័យ បាន​បន្ត​ថា ជនល្មើស​ទាំង​៥​នាក់​នេះ​បាន​បបួល​ជន​រង​គ្រោះ ផឹកស្រា នៅ​ក្នុង​ខ្ទម​មួយ​កន្លែង ក្នុងភូមិ​-​ឃុំ​ដូច​ខាងលើ ពេល​នោះ​ជនល្មើស​ទាំង​៥​នាក់ ក៏​មានគំនិត​ប្លន់ ក៏​បបួល​ជន​រង​គ្រោះ​ឲ្យ​ផឹក​ស្រវឹង​ខ្លាំង ។ បន្ទាប់​មក​ពួក​គេ ក៏​ចេញពី​ទីតាំង​ខាងលើ​មក​ដល់​ស្ពាន​មួយ​កន្លែង នៅ​ក្នុង​ផ្លូវ ទៅ​ខេត្ដសៀមរាប ក៏​បន្ដ​ឲ្យ​ជន​រង​គ្រោះ​ផឹក​ស្រវឹង​ឲ្យ​កាន់តែ​ខ្លាំង ពេល​នោះ​ជនល្មើស​ក៏​ចាប់ផ្ដើម​ធ្វើ​សកម្មភាព យក​ដំបង​វាយ និង​យក​ខ្សែ​ក្រ​វ៉ា​ក់​រឹត​ក ហើយ​ចាប់​ជន​រង​គ្រោះ ជ្រមុជ​ចូល​ទឹក​ប្រឡាយ រហូត​ដល់​ស្លាប់ ហើយ​ជនល្មើស​ក៏​បាន​គាស់​យក​ធ្មេញ​មាស របស់​ជន​រង​គ្រោះ​ដែល​ជា​មនុស្ស​គ ទៀត​ផង ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​ហើយ ក្រុម​ជនល្មើស​បាន​ដឹក​សាកសព​ជន​រង​គ្រោះ តាម​ម៉ូតូ យក​ទៅ​ចោល​ក្នុង​ប្រឡាយ​មួយ​កន្លែង​ទៀត នៅ​សង្កាត់​ម្កាក់ ក្រុង​សិរី​សោ​ភ័​ណ្ឌ នៅ​ផ្លូវជាតិ​៥៦ ។

លោកស្នងការ​ខេត្ដបន្ទាយមានជ័យ បញ្ជាក់​ថា ក្រុម​ជនល្មើស​បាន​គេច​ពី​ស្រុក​មង្គលបុរី ទៅ​លាក់ខ្លួន​នៅ​ទីតាំង​របស់​ស្ដ្រី​ម្នាក់ ដែល​ជា​ប្រពន្ធ​របស់​ជនល្មើស​ម្នាក់ ក្នុង​ចំណោម​ជនល្មើស​៤​នាក់ នៅ​ភូមិ​កំ​រែក ឃុំ​ស្វាយសរ ស្រុក​បរិបូរណ៍ ខេត្តកំពុងឆ្នាំង ។ ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្ត ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​ខេត្ដ តាម​ចាប់​បាន​ជនសង្ស័យ​ទាំង​៥​នាក់ ។ ក្រុម​ជន​ដៃដល់ ត្រូវ​បាន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វី​ធី ៕