ស្ទឹងត្រែង៖ បុរសជនជាតិភាគតិចពីរនាក់នាំគ្នាឡើងភ្នំដើម្បីរើសនិងបេះផ្លែសំរ៉ង ត្រូវខ្លាឃ្មុំញី១ក្បាលកំពុងបណ្តើរកូនស្ទុះទៅទះ និងខាំ បណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅភ្នំការាម ក្នុងភូមិគិរីវង្សា ឃុំសន្តិភាព ស្រុកសៀមប៉ាង។
ជនរងគ្រោះទី១-ឈ្មោះអេន ញាំ ភេទប្រុស អាយុ២២ឆ្នាំ ជាកសិករ និងទី២ឈ្មោះ អើយ រ៉េ ភេទប្រុស អាយុ២៩ឆ្នាំ ជាកសិករ។ ទាំង២នាក់រស់នៅភូមិកើតហេតុខាងលើ។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានបបួលគ្នាទៅរើស និងបេះផ្លែសំរ៉ងនៅតាមជើងភ្នំការាម ដែលនៅចម្ងាយពីផ្ទះប្រហែលជាង៣គីឡូម៉ែត្រ។ ពេលកំពុងរុករកផ្លែសំរ៉ង ស្រាប់តែប្រទះឃើញខ្លាឃ្មុំញីដ៏ធំមួយក្បាលកំពុងបណ្តើរកូនដើររកចំណី ខ្លាឃ្មុំញីនោះក៍ស្ទុះមកទះលើផ្ទៃមុខ និងខាំខ្លួនប្រាណ ហើយទាំង២នាក់បាននាំគ្នាប្រយុទ្ធតតាំងជាមួយខ្លាឃ្មុំញីនោះវិញ រហូតអស់កម្លាំងតតាំងលែងបាន របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ក៍ក្រាបលើដីធ្វើពុតជាងាប់ ទើបខ្លាឃ្មុំញីនោះបណ្តើរកូនចូលព្រៃទៅបាត់ទៅ។

ក្រោយពេលកើតហេតុ អ្នករបួសស្រាលបានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារនៅក្នុងភូមិ ឲ្យយករទេះទៅដឹកគេទាំងពីរមកកាន់មណ្ឌលសុខភាពឃុំ តែដោយរបួសធ្ងន់ពេក ក៏ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសៀមប៉ាង បន្តទៀត៕