បរទេស៖ ប្រជាជនរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើដំណើរកំសាន្ដនៅតាមតំបន់ទេសចរណ៍ល្បីៗ និងទីក្រុងធំៗ នៅទូទាំងប្រទេសចិន នាចុងសប្តាហ៍នៃថ្ងៃឈប់សម្រាករបស់ប្រទេសនេះ បើទោះជាមានការព្រមានពីអាជ្ញាធរសុខាភិបាល ថាហានិភ័យដែលបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសនេះ គឺបណ្ដាលមកពីការប្រមូលផ្ដុំគ្នាយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN​។

រូបភាពពីឧទ្យានភ្នំ Huangshan ក្នុងខេត្តអានហ៊ួយ កាលពីថ្ងៃសៅរ៍ទី០៤ ខែមេសា បានបង្ហាញថាមនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា ដែលភាគច្រើនពួកគេពាក់ម៉ាសបិទមុខដើម្បីចៀសវាងការឆ្លង Covid-19 ហើយការដើរកំសាន្ដនេះគឺពួកគេចង់ទទួលបទពិសោធន៍នៅខាងក្រៅដ៏អស្ចារ្យ បន្ទាប់ពីមានការរឹតត្បិតការធ្វើដំណើរ និងវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងមួយរយៈពេលកន្លងមក។

ការប្រញាប់ប្រញាល់ឈានជើងចូលទៅកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយនេះគឺចាប់ផ្ដើមនៅម៉ោង៧និង៤៨នាទីព្រឹក អាជ្ញាធរបានចាត់វិធានការមិនធម្មតាក្នុងការចេញសេចក្តីជូនដំណឹងមួយដែលប្រកាសថា ឧទ្យាននេះមានសមត្ថភាពអាចទទួលបានមនុស្សចំនួន២ម៉ឺននាក់ ជារៀងរាល់ថ្ងៃហើយនឹងមិនទទួលយកភ្ញៀវទេសចរទៀតទេ។ នេះបើយោងតាមសារព័ត៌មាន Global Times ។

ទន្ទឹមនឹងនេះនៅសៀងហៃតំបន់មាត់ទឹក Bund ដ៏ល្បីល្បាញត្រូវបានគេបើកឲ្យមានការកំសាន្ដជាថ្មីម្តងទៀត តែអ្វីដែលនឹកស្មានមិនដល់សំបុត្រត្រឹមតែរយៈពេលប៉ុន្មាននាទីត្រូវបានលក់អស់គ្មានសល់ ហើយអតិថិជនឈាននទៅរកការកក់សំបុត្រទុកថ្ងៃស្អែកទៀតផង។

ដោយឡែកកាលពីសប្ដាហ៏មុន លោកចាងកាង ប្រធានផ្នែកអ្នកជំនាញរោគឆ្លងនៃមជ្ឈមណ្ឌលចិនសម្រាប់ការត្រួតពិនិត្ យនិងការពារជំងឺបានប្រាប់កាសែតសុខភាពនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនមិនបានឃើញការបញ្ចប់នៃការរីករាលដាលនៃជំងឺនេះទេ។ លោកបានមានប្រសាសន៍ថា“ ប្រទេសចិនមិនជិតដល់ទីបញ្ចប់ទេ ប៉ុន្តែបានឈានចូលដំណាក់កាលថ្មីមួយហើយ។ ជាមួយនឹងការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកប្រទេសចិនមិនបានឈានដល់ទីបញ្ចប់ទេ”  ៕