រាជធានីភ្នំពេញ៖ ពលរដ្ឋម្នាក់បានជិះម៉ូតូពេលថ្ងៃភ្លេចបិទភ្លើង ត្រូវប៉ូលិសចរាចរណ៍អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់យកទៅដាក់ច្រវាក់ទុក១យប់ ។ លុះម្ទាស់ចូលទៅដោះស្រាយ ក៏ត្រូវសមត្ថកិច្ចធ្វើការផាកពិន័យចំនួន២៥០០០រៀល និងថ្លៃដាក់ច្រវាក់ចំនួន៣០ ០០០រៀលទៀត សរុប៥០ ០០០រៀល រហូតធ្វើឲ្យម្ចាស់ម៉ូតូ ក្តៅចិត្តពេក ក៏យករឿងនេះមកបង្ហោះនៅលើហ្វេសប៊ុកតែម្តង។

យោងតាមផេក Pheng Vannak News ដែលបានបង្ហោះកាលពី៣៩នាទីមុន មានខ្លឹមសារថា « ជិះម៉ូតូភ្លេចបិទភ្លើងចាប់ដាក់ច្រវ៉ាក់១យប់ទារ៥៥០០០ រៀល
រដូវកូវីដ១៩ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ប្រឹងរឹតបន្តច្បាប់ចរាចរណ៍កាន់តែខ្លាំង ដើម្បីទប់ស្កាត់ការឆ្លងវីរ៉ុសកូវីដ១៩ ។ ជាពិសេស ចាប់ផាកៗតែម្ដង ដោយគ្មានការយោគយល់ឡើយ បើម្ចាស់ម៉ូតូអត់មានលុយបង់ផាក ត្រូវចាប់អូសយកម៉ូតូទៅកន្លែងដាក់ច្រវ៉ាក់ ហើយគិតលុយថ្លៃច្រវ៉ាក់ ១យប់៣ម៉ឺនរៀល ។

ហេ ហេ កាក់កបផស់គេហ្ន៎ គ្រាន់តែជិះម៉ូតូភ្លេចបិទភ្លើង ចាប់ដាក់ច្រវ៉ាក់ ១យប់ អស់ ៥៥០០០រៀល ។

សូមគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់របស់នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និង សូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាផ្ដល់រង្វាន់លើកទឹកចិត្ត និង ប័ណ្ណសរសើរ ដល់មន្រ្តីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ផង» ។

ជុំវិញនឹងករណីខាងលើនេះ « KBN» មិនទាន់ដឹងថា មានភាពការពិតកម្រិតណាទេ ព្រោះទាន់សុំការបកស្រាយពីប៉ូលិសចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បាននៅឡើយ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕