ភ្នំពេញ៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿត អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាមួយចំនួន ទៅកាន់នាយកដ្ឋាន-អង្គភាពជំនាញ និង ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ដើម្បីយកទៅអនុវត្ត ក្នុងពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះ។ ក្នុងចំណោមបទបញ្ជាទាំងនោះ មានបទបញ្ជាមួយ ពាក់ពន្ធនឹងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

តាមរយៈសេចក្តីណែនាំ អគ្គស្នងការនគរបាលជាតិ ប្រាប់ទៅកងកម្លាំងក្រោមឱវាទក្នុងក្របខណ្ឌទូទាំងប្រទេសថា៖«ចាត់តាំងឲ្យមានកម្លាំងល្បាត ត្រួតពិនិត្យ ឬ ដាក់កម្លាំងឈរជើងក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់រាល់ការប្រមូលផ្តុំ ជួបជុំ រៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី ពិធីជប់លៀង រាំកម្សាន្ត នៅតាមទីសាធារណៈ និងតាមសហគមន៍…ព្រមទាំងការជួបជុំតាមបែបសាសនា នៅតាមទីវត្តអាមេរាម ព្រះវិហារ និង គោលដៅប្រារព្ធពិធីបែបសាសនាផ្សេងៗ»។​​ ប៉ុន្តែ លោកអគ្គស្នងការ បញ្ជាក់ថា  ការជួបជុំជាលក្ខណៈគ្រួសារក្នុងរូបភាពតូតចៗតាមគេហដ្ឋាន ត្រូវបានលើកលែង។

លើសពីនេះ លោក បានណែនាំកម្លាំងនគរបាល ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់ឲ្យបានអំពីវត្តមាននិងស្ថានភាពរបស់ពលករខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីអប់រំនិងតាមដានពួកគេ លើការអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ម្យ៉ាងទៀត កម្លាំងនគរបាល ត្រូវមានវិធានការសង្គ្រោះ ពេលរកឃើញពលរដ្ឋណាម្នាក់ មានការសង្ស័យ ឬមានសញ្ញាផ្ទុកវីរុសកូវីដ-១៩ ៕