ភ្នំពេញ៖ ក្រោយពីជម្លោះបែកបាក់មិនអាចផ្សះផ្សារបាន តារាសម្តែង និងកំប្លែង ប៉ុបពី បានបែកបាកគូស្នេហ៍ប្រុសក្មេងចុងក្រោយនោះជាស្ថាពរហើយ។ អតីតគូស្នេហ៍របស់នាងគឺលោក ប៊ីលី បានចោទប្រកាន់ថា ការបែកបាក់គ្នានេះមកពីប៉ុបពីលួចផិតក្បត់ខ្លួន…។
រយៈពេលជិត៣ឆ្នាំមកហើយដែលតារាសម្តែងកែភេទកញ្ញា ប៉ុបពី បានប្រកាសចំណងស្នេហ៍ដោយចំហរជាមួយបុរសជាសង្សារឈ្មោះ ប៊ីលី មានមុខរបរជាមេចុងភៅ។
ដើមឡើយស្នេហានេះមានភាពផ្អែមល្ហែមខ្លាំងណាស់ ប៉ុន្តែពេលនេះស្នេហាផ្អែមល្ហែមខ្លាំងនេះបានដល់ទីបញ្ចប់ហើយ ។

តាមការ Live វីដេអូផ្ទាល់លើបណ្តាញសង្គម Facebook នៅពីមុខលោកតាដំបងក្រញូងនៅខេត្តបាត់ដំបង លោក ប៊ីលី បានទម្លាយថា រឿងរ៉ាវស្នេហាបែកបាក់ ក្រោយពីមានអ្នកទីបី ពិសេសក្រោយពេលដែលលោកបាត់បង់ការងារ និងអស់តម្លៃ ពោលគឺលោកមិនបានក្បត់ប៉ុបពី ដូចការចោទប្រកាន់នោះទេ ហើយលោកថែមទាំងស្បថនៅពីមុខលោកតាដំបងក្រញូង ថា ប្រសិនបើលោកក្បត់ប៉ុបពី ដូចការចោទប្រកាន់មែន សូមឲ្យលោកតាដំបងក្រញូង វាយបំបាក់កលោកចុះ។

លោកប៊ីលី បន្តថា លោកពិតជាស្មោះនឹងអតីតគូស្នេហ៍ ប៉ុន្តែគូស្នេហ៍ទេដែលធ្វើឲ្យលោកខូចចិត្ត រួមមានកៀកកើយជាមួយអ្នកផ្សេងនៅចំពោះមុខលោក ហើយបោះបង់លោកចោលនៅពេលដែលលោកបាត់បង់ការងារជាចុងភៅ។
លោកថា លោកក៏មិនឈ្លោះគ្នាជាមួយមនុស្សស្រីទេ ព្រោះនាំឲ្យអស់តម្លៃ ហើយការបញ្ជាក់នេះគឺក្រោយពេលដែលលោករងការចោទប្រកាន់ពីអ្នកជិតដិតអតីតសង្សារបានចោទប្រកាន់ថាលោកបានផិតក្បត់មានស្រីថ្មី ។

តែយ៉ាងណា នៅមិនទាន់មានការបំភ្លឺពីកញ្ញា ប៉ុបពី បាននៅឡើយទេ ជុំវិញការចោទប្រកាន់របស់លោក ប៊ីលី បានចោទប្រកាន់ថា ការបែកបាក់គ្នានេះមកពីប៉ុបពី លួចផិតក្បត់ខ្លួននេះ។
ប៉ុបពី បានក្លាយជាតារាភេទទី៣ដំបូងគេនៅកម្ពុជាដែលបានសម្រេចចិត្តកែភេទ ហើយនាងក៏ធ្លាប់បង្ហាញស្នេហ៍ដោយបើកចំហរជាមួយបុរសស្រស់សង្ហាមួយចំនួនថែមទៀតផង។ ប៉ុបពីធ្លាប់លើកឡើងថាមានបុរសជាសង្សារមួយចំនួនបានចូលមកជីវិតនាងដើម្បីតែជាការលេងសើចប៉ុណ្ណោះ ហើយខ្លះមានចំណងត្រឹមតែចង់ស្គាល់ខ្លួនប្រាណដែលកែច្នៃភេទរបស់នាងតែប៉ុណ្ណោះ៕