Coronavirus situation at Sungai Buloh Hospital. Starpic by Kamarul Ariffin /The Star/14022020

គូ​ឡា​ឡាំ​ពួរ ៖ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ប្រកាស​ថា បុរស​អាយុ​៧១​ឆ្នាំ​ម្នាក់ មក​ពី​ទីក្រុង​មេ​ឡា​កា គឺជា​អ្នកជំងឺ Covid-19 ទី​១៥​ហើយ ដែល​បាន​ទទួលមរណភាព​កាលពី​ម៉ោង​៥ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា នេះ​បើ​តាម malaymail របស់​ម៉ា​ឡេ​ស៊ី ។

លោក​វេជ្ជបណ្ឌិត Noor Hisham Abdullah រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយ​ថា បុរស​ដែល​ស្លាប់​ជា​ករណី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទី (១.៥១៩) ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នកជំងឺ​ដែល​គេ​ស្គាល់​ថា ជា​ករណី​ទី (៧០៣) ។ បុរស​ទាំង​ពីរ បាន​ចូលរួម​ការ​ជួបជុំ​គ្នា នៅ​ឯ​វិហារ​ឥ​ស្លា​ម​ក្នុង​តំបន់ Seri Petaling Jamek ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ខែ​មុន ។

លោក​វេជ្ជបណ្ឌិត បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​មរណភាព​របស់​អ្នកជំងឺ​នៅ​ព្រឹក​ថ្ងៃនេះ ក្រសួង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​” ។

គិត​ត្រឹម​ម៉ោង ៥​ល្ងាច ថ្ងៃ​ម្សិលមិញ ម៉ា​ឡេ​ស៊ី រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន ១៥៩ ករណី​បន្ថែម​ថ្មី នាំ​ឲ្យ​ចំនួន​សរុប​ក្នុង​ប្រទេស​នេះ​កើន​ដល់ ១.៥១៨​ករណី ។

យ៉ាងណា ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​តែ​អនុវត្តបទបញ្ជា​​ដែល​កំណត់​ឲ្យ​ប្រជាជន​ភាគច្រើន​នៅ​ក្នុងផ្ទះ​របស់​ពួក​គេ​រហូត​ដល់​ដំណាច់ខែ ៕