អ៉ីតាលី៖  បច្ចុប្បន្ននេះការរាលដាលនៅអ៊ីតាលី កាន់តែមានសភាពធ្ងន់ធ្ងរចំនួនមនុស្សស្លាប់ដោយសារ Covid-19 បានកើនដល់ជិត៥​ ៥០០នាក់ ដែលនាព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ អ៊ីតាលី មានអ្នកស្លាប់ប្រមាណ៦៥១នាក់ ដែលនេះគឺជាអត្រាមរណនៅតែខ្ពស់ដដែល តែទោះជាយ៉ាងណាក៏វាបានប្រសើរជាងកាលពីម្សិលមិញដែរ នឹងប៉ុន្មានថ្ងៃមុនដែរ។ នេះបើយោងតាមការសារព័ត៌មាន CNA ដែលបានចុះផ្សាយនាព្រឹកទី២៣ ខែមីនា ឆ្នាំ២០២០។

ប្រធានសេវាការពារស៊ីវិលអ៊ីតាលី លោក Angelo Borrelli បានប្រាប់អ្នកយកព័ត៌មានថា៖ «តួលេខដែលបានប្រកាសថ្ងៃនេះទាបជាងតួលេខសកាលពីម្សិលមិញ»។ លោកបានបន្តទៀតថា យើងសង្ឃឹមថាតួលេខទាំងនេះអាចនឹងលេចចេញនៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែសូមកុំអោយអ្នកយាមរបស់យើងមានការបន្ធូរបន្ថយឲ្យសោះ ត្រូវតែពង្រឹងការយាមកាមឲ្យបានតឹងរឹងបំផុត រហូតដល់ជំងឺនេះស្ងប់ស្ងាត់ទៅវិញ។ តួលេខកាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា បានបង្ហាញថាវិធានការទប់ស្កាត់យ៉ាងតឹងរឹងនៅជុំវិញចំណុចកណ្តាលនៃវិបត្តិនៅក្បែរទីក្រុងមីឡាន ដែលបានចាប់ផ្ដើមនៅថ្ងៃទី៨ ខែមីនា កំពុងតែទទួលបានផ្លែផ្កា។

ការស្លាប់ថ្មី៦៥១នាក់នេះ​ បានធ្វើអោយតួរលេខសរុបចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីកើនដល់៥​ ៥០០នាក់ ស្មើនឹង៣៩,៣ភាគរយនៃចំនួនសរុបពិភពលោក។ តួលេខអ្នកឆ្លងថ្មីនៅក្នុងប្រទេសអ៊ីតាលី បានកើនដល់ចំនួន៦​ ៥៥៧នាក់ ខណៈសរុបទាំងអស់មានចំនួន៥៩ ១៣៨នាក់។

គួររំឭកថា ចំនួនអ្នកស្លាប់នៅអ៊ីតាលីខ្ពស់ជាងគេលើពិភព លោកខណៈចិន ឈរលំដាប់ទី២ មានអ្នកស្លាប់៣​ ២៥៥នាក់។ ចំណែកឯប្រទេសដែលមានអ្នកស្លាប់ខ្ទង់ពាន់ដែរមាន អេស្ប៉ាញ១​ ៣២៦នាក់និង អ៊ីរ៉ង់១ ៥៦៦។ តួលេខអ្នកឆ្លង ស្លាប់ និងព្យាបាលជាទូទាំងពិភពលោក គឺឆ្លង២៩០​​​ ៧១៩នាក់ ១២ ៧៤២ស្លាប់ និងព្យាបាលជាសះស្បើយចំនួន៦៦​ ៩០៧ នាក់ ៕